មកដល់ថ្ងៃនេះដំណឹងវិលចូលមកប្រទេសកម្ពុជារបស់លោក សម
រង្ស៊ីកាន់តែមានការចាប់អារម្មណ៍ខ្លាំងជាងមុន
ហើយក៏មានយោបល់ផ្សេងគ្នាដែរអំពីការលើកលែងទោសដល់លោកសម រង្ស៊ី ដែរ។
ការយល់ឃើញរបស់បក្សសង្គ្រោះជាតិនៅលើបណ្ដាញផ្សេងៗថា
រដ្ឋាភិបាលទទួលគំនាបពីបរទេសទើបអនុញាតអោយលោក សម រង្ស៊ី
ចូលប្រទេសកម្ពុជាវិញមុនពេលបោះឆ្នោតអាណត្តិកាលទី៥ខាងមុខនេះ។
ប៉ុន្តែសម្រាប់មន្ត្រីរដ្ឋាភិបាល ការដោះលែងលោក សម រង្ស៊ី
គឺជាសម្បទានមួយរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនមែនជាការអន្តរាគមន៍
ឬអនុសាសន៍ណាមួយពីបរទេសឡើយ។ចំពោះការលើកលែងទោសលោក សម រង្ស៊ី ឲ្យវិលចូលប្រទេសវិញនេះ លោក កែវ ចន្ដា អាយុ២៥ឆ្នាំជាអាជីវករនៅផ្សារទួលទំពូងបាននិយាយថា លោកសប្បាយចិត្តចំពោះការយោគយល់គ្នារបស់មេដឹកនាំធំៗនេះ។ «ខ្ញុំសប្បាយចិត្តណាស់ដែលមេដឹកនាំធំៗមានការយោគយល់គ្នា ហើយបើកទ្វារដល់បក្សប្រឆាំងបានចូលស្រុកដើម្បីជួយចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា»។
ចំណែកអ្នកស្រី អួន គន្ធា ជាអាជីករដែរនោះក៏បានថ្លែងដោយការសាទរនេះដែរ។ អ្នកស្រីមានប្រសាសន៍ថា «ល្អតើពេលដែលដឹងថា លោក សម រង្ស៊ីត្រឡប់មកវិញ មកប្រកួតប្រជែងការបោះឆ្នោតដោយយុត្តិធម៌ នៅស្រុកខ្មែរ ខ្ញុំពេញចិត្តណាស់ចំពោះដំណឹងនេះ»។
សម្រាប់ការត្រៀមស្វាគមន៍លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលគ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៣ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងពិធីជួបជុំក្រុមយុវជនគណបក្សសង្គ្រោះជាតិ និងសមាជិសមាជិកា នៅទីលានប្រជាធិបតេយ្យថា គណបក្សសង្គ្រោះជាតិគ្រោងរៀបចំសមាជិសមាជិកានិងអ្នកគាំទ្រសង្គ្រោះ ជាតិចំនួនជាង ៤ ម៉ឺននាក់ដើម្បីទៅទទួលលោកសម រង្ស៊ី៕
