
ស្ថានទូតអាមេរិក នៅក្រុង Tel Aviv អ៊ីស្រាអែល
REUTERS/Nir Elias
នៅថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកបានប្រកាសថា
ស្ថានទូតនិងកុងស៊ុលខ្លួនចំនួន១៩កន្លែង នៅមជ្ឈិមបូព៌ា
និងអាហ្វ្រិក ត្រូវបន្តបិទទ្វាររហូតដល់ដល់ថ្ងៃ១០សីហា
ដើម្បីសុវត្ថិភាពសន្តិសុខរបស់បុគ្គលិកការងារទាំងអស់
រួមទាំងអ្នកបំពេញបេសកកម្មនានាផ្សេងទៀតរបស់អាមេរិក
ដែលត្រូវធ្វើដំណើរទៅទីនោះ។ វិធានការសុវត្ថិភាពសន្តិសុខនេះ
ធ្វើឡើងបន្ទាប់ពីអាមេរិកបានទទួលការគំរាមកំហែងភេរវកម្មជាច្រើន
ដែលគួរអោយជឿជាក់បាន ពីសំណាក់ក្រុមឧទ្ទាមអាល់កៃដា។
ស្ថានទូតនិង
កុងស៊ុលអាមេរិក១៩កន្លែង នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក
ដែលត្រូវបន្តបិទទ្វារពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃសៅរ៍
១០សីហានោះ រួមមានស្ថានទូតជាង១៥
ដែលបិទទ្វាររួចហើយកាលពីថ្ងៃអាទិត្យ
និង៤ស្ថានទូតថ្មីផ្សេងទៀត។ ស្ថានទូតទាំងនេះ មាននៅប្រទេសអេហ្ស៊ីប
យេម៉ែន ហ្ស៊កដានី កាតារ អារ៉ាប៊ី សាអ៊ូឌីត រឺក៏រ៉ូវ៉ាន់ដា
ជាដើម។ ការបន្តបិទទ្វារនេះ
គឺដើម្បីការពារសន្តិសុខបុគ្គលិកការងារក្នុងស្រុក
និងបណ្តាបេសកជនអាមេរិកដែលត្រូវធ្វើដំណើរទៅទីនោះ។ដោយឡែក នៅថ្ងៃចន្ទនេះ ស្ថានទូតអាមេរិកផ្សេងៗទៀតដែលបានបិទទ្វាររួចមកហើយ នៅអ៊ីរ៉ាក់ អាល់ហ្សេរី រឺក៏អាហ្វហ្កានីស្ថានជាដើមនោះ នឹងបើកទ្វារដំណើរការឡើងវិញ។
បន្ទាប់ពីទទួលបានការគំរាមកំហែងភេរវកម្មជាច្រើនដែលអាចយក ជាការបាន ពីសំណាក់ក្រុមឧទ្ទាមអាល់កៃដាមក អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មុនថា នឹងបិទទ្វារស្ថានទូតនិងកុងស៊ុលយ៉ាងហោចណាស់ក៏២៥កន្លែងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានចាប់បានសំឡេងសន្ទនារវាងក្រុមអាល់កៃដានិងបណ្តាញខ្លួន ស្តីពីសកម្មភាពរៀបចំគម្រោងវាយប្រហារអាមេរិក។ ក្នុងព័ត៌មានទាំងនេះ ក៏មានប្រាប់ពីថ្ងៃខែនៃការវាយប្រហារផងដែរ។ ក្រុងវ៉ាស៊ីនតោនគិតថា ការវាយប្រហារនេះ នឹងធ្វើឡើងនៅមជ្ឈិមបូព៌ា រឺក៏នៅជុំវិញស្ថានទូតណាមួយ។ មេដឹកនាំក្រុមអាល់កៃដាថ្មី អាល់ហ្សាវ៉ាហ៊ីរី បានចោទ អាមេរិកថាបានរួមដៃជាមួយកងទ័ពអេហ្ស៊ីប ទម្លាក់ប្រធានាធិបតីមរស៊ី។
ទាក់ទងនឹងសុវត្ថិភាពសន្តិសុខនេះដែរ បណ្តាបស្ចិមប្រទេសដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ ក៏បានប្រកាសបិទទ្វារស្ថានទូតខ្លួននៅទីក្រុងសាណា ប្រទេសយេម៉ែនផងដេរ។ កាលពីថ្ងៃអាទិត្យកាណាដា បានសំរេចចិត្តបិទទ្វារស្ថានទូតខ្លួន នៅបង់ក្លាដែស៕
