សារព័ត៌មានវត្តភ្នំ · Monday, 05 August 2013 20:37:00
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ មានព្រឹត្តិការណ៍ ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីបុរសម្នាក់ បានលោតពីបន្ទប់លេខ២ ជាន់ទីពីរ នៃកាស៊ីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយករណីអត្តឃាតនេះ សង្ស័យជាប់ពាក់ព័ន្ធ ទៅនឹងករណី បង្ខាំងមនុស្សខុសច្បាប់។
ជនរងគ្រោះដែលលោតពីជាន់ទី២ នោះមានឈ្មោះ ង្វៀន ភីតឹង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើស្រែ មានទីលំនៅភូមិ៩ ឃុំតឹងអាង ស្រុកយ៉ីវម៉ូត ខេត្តប៊ិនយឿង។ ឈ្មោះ ង្វៀន ភីតឹង បានខ្ចីលុយគេចំនួន ២៥០០ដុល្លាអាមេរិក ហើយចាញ់ល្បែងអស់ និងគ្មានលុយសង ក៏ត្រូវគេបង្ខាំងទារប្រាក់ បន្ទាប់មកក៏សម្រេចចិត្ត លោតពីជាន់ទី២ នៃកាស៊ីណូនោះតែម្ដង។
ឈ្មោះ ង្វៀន ភីតឹង បានរងរបួសបាក់ប្រអប់ជើងស្តាំ និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ផាសុខភាព២ ស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តែដោយជំងឺមានសភាពធ្ងន់ធ្ងរពេក ទើបបន្តយកទៅព្យាបាល នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣នេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ រួមមាន៖ ១. ឈ្មោះ ង្វៀន
យ៉ាំងកឺ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ រ៉ូលីង ២.ឈ្មោះ ង្វៀន ធីង៉ុកវី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ រ៉ូលីង ៣. ឈ្មោះ ហ្វិន ង៉ុកហាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។
កម្លាំងស្នាក់ការនគរបាលសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយពេលសួរចម្លើយ សមត្ថកិច្ចបានបញ្ជូន ជនពាក់ព័ន្ធចំនួន ២នាក់ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ហើយជនម្នាក់ទៀតឈ្មោះ ង្វៀន ធីង៉ុកវី មិនមានការពាក់ព័ន្ធទេ។ សមត្ថកិច្ចកំពុងស្វែងរក ជនពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើទារុណកម្មលើជនរងគ្រោះ និងពាក់ព័ន្ធទៅនឹងករណីនេះ ហើយជាញឹកញាប់ម្ចាស់ទីតាំង មិនសហការជាមួយសមត្ថកិច្ចទេ៕
