ភ្នំពេញ៖
មនុស្ស៣នាក់ ដែលជាអ្នកដឹកជញ្ជូនឈើខុសច្បាប់
ត្រូវបាននគរបាលខណ្ឌឬស្សីកែវ
បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧
សីហានេះ បន្ទាប់ពីនគរបាលឃាត់ និងចាប់រថយន្តរបស់ពួកគេ
បានជាមួយនឹងចំនួនឈើជាច្រើនដុំ
ដែលពួគគេបាននាំគ្នាដឹកតាមរថយន្តចូលមករាជធានីភ្នំពេញ។
អ្នក
ដឹកឈើទាំង៣នាក់នេះត្រូវបាននគរបាលបញ្ជូនខ្លួនឲ្យលោក ហៀង
សុភ័ក្រ ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីសួរដេញដោល ឈានដល់ការសម្រេចដាក់បទចោទប្រកាន់ជាផ្លូវការ
បន្ទាប់ពីនគរបាលបានចោទប្រកាន់ពួកគេថាជាអ្នកដឹកឈើខុសច្បាប់។
អ្នកទាំង
៣នាក់នេះម្នាក់ឈ្មោះ ឈុំ សេរី អាយុ២៥ឆ្នាំ
ស្នាក់នៅភូមិចំការសំរោង ឃុំបាត់ដំបង ស្រុកបាត់ដំបង
ខេត្តបាត់ដំបង ជាអ្នកបើកបររថយន្ត រួមដំណើរដោយបុរស២នាក់ទៀត ១-ឈ្មោះឃុន សំណាង អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិភ្នំក្រោម ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ២-ឈ្មោះ
សៅ វាសនា អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិព្រៃតាយឹង ឃុំសំរោង
ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពួកគេត្រូវបាននគរបាលឃាត់ខ្លួន
កាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែសីហា
ឆ្នាំ២០១៣ នៅនឹងខាងមុខស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បាក់ខែង
ស្ថិតក្នុងភូមិក្ដីចាស់ ក្រុម២២ ផ្លូវជាតិលេខ៦អា
សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ជាមួយនឹងរថយន្តមួយគ្រឿងម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ខៀវ
ពាក់ស្លាកលេខភ្នំពេញ2B-6443 ដែលមានដឹកឈើប្រណីតប្រភេទនាង ចំនួន៥៤ កំណាត់ ស្មើប្រមាណជា២ ម៉ែត្រគូប ឆ្ពោះចេញពីខេត្តកំពង់ធំចូលមកកាន់ភ្នំពេញ។
ទោះជា
យ៉ាងណា ពួគគេទាំង៣នាក់បានអះអាងថា
ពួកគេមិនមែនជាមេឈ្មួញនោះទេ
គឺគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឈើឲ្យគេតែប៉ុណ្ណោះ
ហើយរាល់ពេលដឹកម្ដងពួកគេទទួលបានកំរៃម្នាក់២០ ដុល្លារ
ហើយក្នុង១ថ្ងៃ ក្រុមគេមានរថយន្តចំនួន៦គ្រឿង
ដឹកឈើចេញពីកំពង់ធំ ឆ្ពោះមកភ្នំពេញ
ដោយដាក់នៅតាមដេប៉ូឈើនៅតំបន់បឹងត្របែក ក្នុងខណ្ឌចំការមន
និងតំបន់ច្បារអំពៅ ខណ្ឌមានជ័យ ដែលមានមេឈ្មួញឈ្មោះ ឡុង
ហើយសកម្មភាពរបស់ពួកគេទើបតែចាប់ផ្ដើមដឹកកាលពីអំឡុងមុនពេលបោះឆ្នោត
ប៉ុណ្ណោះ៕
ដាយ៉ារីទ្ធ




