រាជធានីភ្នំពេញ ៖ មិនមែនតែមួយលើកទេ
ដែលតារាសម្តែងនិយមភាពសិចស៊ី និងសម្ភារៈទំនើបកញ្ញា ព្រឹម លីហ្សា
ផ្ទុះចេញនូវព័ត៌មានស្នេហាជាមួយបុរសអ្នកមានលុយ និងយសស័ក្តិ ។ដោយឡែក
ថ្មីៗនេះស្របពេលដែលនាងទើបវិលមកពីបង្ហាញម៉ូតនៅសហរដ្ឋអាមេរិក
នោះក៏មានព័ត៌មានថា មានបុរសអាណិកជនខ្មែរនៅអាមេរិកជាច្រើននាក់
សុំស្រឡាញ់ និងចង់បាននាងធ្វើជាគូអនាគតថែមទៀតផង ។
យោងតាមប្រភពព័ត៌មានដែលនៅជិតជាមួយកញ្ញា ព្រីម លីហ្សា បាននិយាយថា
មានបុរសជាច្រើន
ទាំងក្នុង
និងក្រៅស្រុកកំពុងតាមសម្លឹងក្នុងគោលបំណងចង់បានស្រីស្រស់ម្នាក់នេះ
ធ្វើជាម្ចាស់ចិត្តតែរៀងៗខ្លួន ។ ជាពិសេសបុរសទាំងនោះក៏ល្បីថា
ភាគច្រើនសុទ្ធតែជាអ្នកមានទ្រព្យក្រាស់ និងមានបុណ្យស័ក្តិថែមទៀតផង ។
ដោយឡែកបន្ទាប់ពីស្រីស្រស់ ហើយសិចស៊ី ព្រីម លីហ្សា
បានចេញទៅសហរដ្ឋអាមេរិកលើកទីមួយអស់រយៈពេលជាងមួយសប្តាហ៍
កាលពីចុងខែកុម្ភៈតាមរយៈក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក រ្វេសាចេ
អញ្ជើញទៅចូលរួមដើរបង្ហាញម៉ូតជាមួយតារាបរទេសល្បីៗនោះក៏ធ្លាយចេញ
ព័ត៌មាននៅពេលនាងវិលត្រឡប់មកវិញថា មានបុរសជាច្រើនរូប
បានព្យាយាមសុំស្រលាញ់ចង់បាននាងធ្វើជាគូជីវិត ។
ចំពោះព័ត៌មានពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាយ៉ាងនោះប្អូនស្រីរបស់
ព្រីម លីហ្សា ម្នាក់នេះបានបង្ហើបប្រាប់ថា
តាមព័ត៌មានដែលបងស្រីគាត់ប្រាបឱ្យដឹង
គឺនៅពេលដែលគាត់ទៅបង្ហាញម៉ូតលើកទី១នោះ
គឺពិតជាមានបុរសនៅទីនោះជាច្រើននាក់បានព្យាយាមទាក់ទងតាមស្រឡាញ់
ពិតមែន ។ ប៉ុន្តែគាត់មិនបានឆ្លើយថា ទេ គឺគ្រាន់តែតបវិញថា
បើត្រឹមរាប់អានជាបងប្អូនធម៌បានតែបើឱ្យគាត់ឆ្លើយតប
នឹងរឿងស្នេហាវិញនោះ គឺមិនទាន់ទេ
ព្រោះបងស្រីគាត់មិនទាន់គិតពីរឿងនេះទេ ។
ស្របគ្នានោះដែរពេលសួរថា មុននេះបន្តិចល្បីថា ព្រីម លីហ្សា មាន
ទំនាក់ទំនងស្នេហាជាមួយបុរសអ្នកមាន ក្នុងស្រុកម្នាក់តើមកពីរឿងនេះ
ទើបបណ្តាលឱ្យនាងបដិសេធបុរសនៅអាមេរិក ឬយ៉ាងណា? ។
ចំពោះសំណួរនេះត្រូវបានប្អូនស្រីរបស់តារាម្នាក់នេះបញ្ជាក់ថា
ព័ត៌មាននេះមិនមែនជាការពិតទេ
ព្រោះបងស្រីរបស់នាងមិនដែលបានទៅបង្កើតចំណងស្នេហាជាមួយបុរសណាម្នាក់
ឡើយ ពោលគឺ
បេះដូងគាត់នៅទំនេរស្អាតមិនទាន់ប្រគល់ឱ្យបុរសណាម្នាក់គ្រប់គ្រង
នោះទេ ៕



