
ប៉ុន្តែដោយឡែក នៅពេលនេះគម្រោងចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់លោក អាន គុណកូឡា និង យូរី ត្រូវបានលុបចោលវិញ យ៉ាងឆាប់រហ័ស ខណៈដំណឹងនេះ ត្រូវបានមហាជនទូទៅបានដឹងរួចទៅហើយនោះ ។
មូលហេតុដែលតារាចម្រៀងរួមដំបូលប្រុសស្រីទាំងពីរដួងនេះលុបចោលគម្រោងចេញទៅច្រៀងនៅប្រទេសកូរ៉េពេលនេះ គឺដោយសារ តែខាងផលិតកម្ម សាន់ដេ ជាប់រវល់ខ្លាំង ។
ជុំវិញនឹងការលុបចោលគម្រោង ចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់តារាចម្រៀង សាន់ដេ លោក អាន គុណកូឡា និង យូរី ត្រូវបានស្រីស្រស់តូចច្រឡឹង យូរី ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា “ឥឡូវនេះគម្រោងចេញទៅច្រៀង នៅប្រទេសកូរ៉េរបស់ខ្ញុំ គឺបានលុបចោល(Cancel)ហើយបង…! ព្រោះតែខាងផលិតកម្ម សាន់ដេ សម្រុកថតខ្សែភាពយន្ត ហើយតារាចម្រៀង ដែលត្រូវចេញទៅច្រៀង នៅទីនោះ ក៏ត្រូវថតខ្សែភាពយន្តដែរ ។ ដូច្នេះពួកខ្ញុំ ក៏សម្រេចចិត្តលុបចោលគម្រោងនេះតែម្តង.." ។
យូរី បានបន្តថា តាមពិតទៅគម្រោង ដែលត្រូវចេញទៅច្រៀងនៅប្រទេសកូរ៉េ គឺតាំងពីថ្ងៃទី ២ សីហា មកម៉្លេះ ហើយនឹងត្រឡប់ មកវិញនៅថ្ងៃទី ៦ ខែ សីហា តែពេលនេះ គឺត្រូវបានលុបចោលទៅហើយ ដោយតារាចម្រៀងដែលត្រូវទៅច្រៀង ជាប់រវល់ថតខ្សែភាពយន្ត ។
គួរបញ្ជាក់ថា នារដូវធ្លាក់ភ្លៀងចូលមកដល់ តារាចម្រៀងប្រុសស្រី របស់ផលិតកម្ម សាន់ដេ ទាំងអស់មានការមមាញឹកយ៉ាងខ្លាំង ស្ទើរដកឃ្លាមិនរួច នេះព្រោះតែខាងផលិតកម្ម បានចាប់ផ្តើមសម្រុកថតខ្សែភាពយន្តថ្មី របស់ខ្លួនគឺរឿង “ព្រាយក្បាលប្រាំបី” ។ ចំណែកតួសម្តែងសំខាន់ៗទាំងអស់ គឺសុទ្ធតែជាតារាចម្រៀង នៅក្នុងផលិតកម្មនេះតែម្តង ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
