ភ្នំពេញ: លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា បានចេញផ្សាយនូវរបាយការណ៍អ្នកទេសចរ និងអត្ថបទសង្ខេបខ្លីមួយ ដែលបង្ហាញនូវចំណូលបានមកពីការលក់ប័ណ្ណចូលទស្សនាអង្គរ។ ជាបទបង្ហាញ ដែលជាការឆ្លើយតបទៅគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងចំណូលពីការលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។

បង្ហាញថា ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានអះអាង និងធ្វើការឃោសនាក្នុងកម្មវិធីនយោបាយរបស់ខ្លួនថា ចំណូលបានពីប្រាសាទអង្គរវត្ត មានប្រមាណពី ១៣០ ទៅ ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងនោះ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៣ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅពេលលោកឃោសនា នៅខេត្តសៀមរាបថា “បើម្នាក់ ( អ្នកទេសចរបរទេស ) ចំណាយអស់តែ ៤០ ដុល្លារ គឺយើងត្រូវបានលុយរហូតដល់ទៅជិត ២០០ លានដុល្លារ ដោយសារថ្លៃសំបុត្រ ចូលទស្សនកិច្ចអង្គរវត្តនេះ…”។
ប៉ុន្តែអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ បានគូសបញ្ជាក់ថា “ត្រង់ចំណុចនេះ សូមសាធារណជនទាំងអស់ មេត្តាជួយពិចារណាថា តើគេត្រូវគិតលេខរបៀបដូចម្តេច ដើម្បីបានតួលេខចំណូលសរុបដូចបានលើកឡើងនេះ? ថាបើយើងយកចំនួនភ្ញៀវបរទេស ៣ លាននាក់ មកគុណនឹង ៤០ ដុល្លារ ក៏មិនបានចំណូលសរុប ២០០ លានដុល្លារផងដែរ! ទម្រាំបើយើងគិតតាមជាក់ស្តែង ដែលភ្ញៀវទេសចរ ចូលទស្សនាអង្គរ មានមិនដល់ ២ លាននាក់ផង តើឲ្យយើងគណនាតាមមធ្យោបាយបែបណា ដើម្បីបានតួលេខនៃប្រាក់ចំណូលឲ្យបានដល់ ២០០ លានដុល្លារ ទៅកើត?”។
លោក ប៊ុន ណារិទ្ធ បានគូសបបញ្ជាក់ថា “សរុបមក ការលើកឡើងរបស់គណបក្សប្រឆាំងខាងលើ សុទ្ធតែជាការភូតភរកុហកទាំងស្រុង ដើម្បីបំភាន់មតិសាធារណជន សំដៅទាញយកផលប្រយោជន៍បម្រើឲ្យនយោបាយរបស់បក្សពួកខ្លួនតែប៉ុណ្ណោះ”។
ជាមួយនឹងការលើកឡើងខាងលើ លោក ប៊ុន ណារិទ្ធ បានភ្ជាប់មកជាមួយនូវរបាយការណ៍ទេសចរណ៍ ឆ្នាំ២០១២ របស់ក្រសួងទេសចរណ៍ ព្រមទាំងបង្ហាញពីចំនួនអ្នកទេសចរបរទេស ចូលមកកម្ពុជា នៅឆ្នាំ២០១២ មានចំនួនសរុប ៣.៥៨៤.៣០៧ នាក់។ ក្នុងនោះ បែងចែកតាមគោលដៅនៅភ្នំពេញ និងគោលដៅដទៃទៀត មានចំនួនសរុប ១.៥២០.៩៧១ នាក់ និងខេត្តសៀមរាប ចំនួន ២.០៦៣.៣៣៦ នាក់។
អំពីចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណ ចូលទស្សនាអង្គរ នៅឆ្នាំ២០១២ ត្រូវបានអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ គូសបញ្ជាក់ថា “ក្នុងចំនួនភ្ញៀវសរុប មកខេត្តសៀមរាប ចំនួន ២.០៦៣.៣៣៦ នាក់ ក្រោយពីដកចំនួនភ្ញៀវ មិនទិញប័ណ្ណ គឺចំនួនភ្ញៀវបរទេស ដែលទិញប័ណ្ណទស្សនាជាក់ស្តែង មានត្រឹមតែ ១.៨០៨.៦២៣ នាក់ ប៉ុណ្ណោះ”។
លោក ប៊ុន ណារិទ្ធ បានលើកឡើងថា ចំពោះការអនុវត្តលក់ប័ណ្ណទស្សនាអង្គរវត្ត នាបច្ចុប្បន្ន មានករណីភ្ញៀវទេសចរមួយចំនួន ត្រូវបានអនុញ្ញាតឲ្យទស្សនាអង្គរ ដោយមិនបាច់បង់ប្រាក់ ដូចជា ភ្ញៀវរបស់រាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ បុគ្គលិករបស់គម្រោងអន្តរជាតិ ធ្វើការជួសជុលអភិរក្សក្នុងតំបន់អង្គរ ប្រតិភូផ្លូវការ អនិកជនមានសញ្ជាតិដើមជាខ្មែរ និងកុមារក្រោមអាយុ ១២ ឆ្នាំ។
មិនទាន់មានការឆ្លើយតបបែបណាពីមន្ត្រីគណបក្សសង្គ្រោះជាតិ ជុំវិញការផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា ដើម្បីឲ្យមហាជនពិចារណា អំពីចំណូលបានមកពីការលក់ប័ណ្ណចូលទស្សនាអង្គរ ខាងលើនៅឡើយទេ៕

No comments:
Post a Comment