
កន្លងមកក្រុមហ៊ុន Hewlett-Packard ឬ HP ធ្លាប់ចេញលក់នូវកុំព្យូទ័របន្ទះស្ដើង TouchPad តម្លៃត្រឹមតែ $99 ម្ដងរួចទៅហើយកាលពីឆ្នាំ២០១១ ។ ដោយឡែកពេលនេះក្រុមហ៊ុន អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើវាម្ដងទៀត ។
យោងតាមសេចក្ដីរាយការណ៍របស់ប្រភព Digitimes កាលពីថ្ងៃពុធបានឲ្យដឹងថា ក្រុមហ៊ុន HP អាចនឹងធ្វើការប្រកាសចេញនូវកុំព្យូទ័របន្ទះស្ដើងថ្មីតម្លៃ $99 ជាមួយនឹង Wal-Mart នៅក្នុងបវេសនកាលដែលជិតមកដល់នាពេលខាងមុខ(នៅ US) ។

ប្រភពព័ត៌មានចេញពី តៃប៉ិ បាននិយាយថា កុំព្យូទ័របន្ទះស្ដើង $99 នឹងត្រូវផលិតដោយ ក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅប្រទេសចិន ហើយក៏ជាកុំព្យូទ័របន្ទះស្ដើងទីពីរដែលក្រុមហ៊ុន HP ផ្គល់សិទ្ធិផលិតទៅឲ្យរោងចក្រនៅក្នុងប្រទេសចិនផងដែរ ។ ក្រៅពីនេះឧបករណ៍នឹងត្រូវបំពាក់ដោយ អេក្រង់ 7-inch touch និង CPU single-core processor Medfield-based របស់ Intel ។

កុំព្យូទ័របន្ទះស្ដើង HP Slate 7 កំពុងត្រូវបានក្រុមហ៊ុនដាក់លក់នៅលើគេហទំព័ររបស់ខ្លួនក្នុងតម្លៃត្រឹមតែ $140 តែប៉ុណ្ណោះ ។ ដូច្នេះជាមួយនឹងការរចនាថ្មី ក្រុមហ៊ុន HP អាចកាត់បន្ថយនូវលក្ខណសម្បត្តិមួយចំនួនដើម្បីផលិតកុំព្យូទ័រ បន្ទះស្ដើងថ្មីមានតម្លៃ $99 ដែលមានតម្លៃតិចជាង HP Slate 7 ចំនួន $40 ។
យ៉ាងណាមិញមិនមានការបញ្ជាក់ណាមួយចេញពីក្រុមហ៊ុន HP ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះនៅឡើយទេ ៕
