ប្រទេសថៃ ៖ ប្រធានសភាថៃ លោក Somsak Kiatsuranont
អាចនឹងត្រូវបណ្តេញចេញពីតំណែង
បន្ទាប់ពីកើតមានអំពើហិង្សាក្នុងពេលប្រជុំ
ជជែកគ្នាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីម្សិលមិញ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
អំឡុងការផ្សាយផ្ទាល់តាមទូរទស្សន៍ កាលពីថ្ងៃអង្គារ ម្សិលមិញ ភាពចលាចល
ស្រែកឡូឡានិង
ការតវ៉ាប្រឆាំងបានផ្ទុះឡើង ក្នុងចំណោមសមាជិកសភា
ជាហេតុនាំឲ្យរំខានដល់ការជជែកពិភាក្សារបស់សភា
ស្តីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ទាក់ទងនឹង
ការកែសម្រួលព្រឹទ្ធសភា នៅក្នុងអង្គប្រជុំរួម ទាំងសមាជិករដ្ឋសភា
និងសមាជិកព្រឹទ្ធសភា នាថ្ងៃដំបូង។
អំពើហិង្សាបានផ្ទុះឡើង ស្របពេលដែលមានការតវ៉ា ពីពួកសមាជិកសភា
មកពីគណបក្សប្រជាធិបតេយ្យ
ដែលប្រឆាំងនឹងការអនុញ្ញាតឲ្យប្រធានព្រឹទ្ធសភាថៃ លោកនីកន
វ៉ារ៉ាផានិច ដើរតួជាប្រធាននៃកិច្ចប្រជុំនាពេលនោះ ដោយពួកគេគិតថា
លោកនីកន បានចុះហត្ថលេខាគាំទ្រសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ
ដូច្នេះវាមិនសមស្របទេដែលលោកធ្វើជាអធិបតីនៃកិច្ចប្រជុំ
ហើយលោកនីកនត្រូវបានគេមើលឃើញថា ខ្វះអព្យាក្រិតភាព។ ជាងនេះទៀតនោះ
ក្រោយពេលដែលនគរបាលបានចូលមកអន្តរាគម ក្នុងពេលចលាចល
សមាជិកបក្សប្រឆាំងបានរិះគន់ថា មិនមែនជាតួនាទីរបស់នគរបាលទេ។
ប្រភពព័ត៌មានបានឲ្យដឹងថា សមាជិកសភាបក្សប្រជាធិបតេយ្យ
ដែលជាបក្សប្រឆាំងនោះ បានច្របាច់កនគរបាលម្នាក់ ដែលលោកប្រធានរដ្ឋសភា
Somsak Kiatsuranont ហៅឲ្យចូលមកគ្រប់គ្រងសណ្តាប់ធ្នាប់
នៅក្នុងក្រុមសមាជិកសភា បក្សប្រឆាំង។ សភាត្រូវលើកពេលប្រជុំ
នៅម៉ោង៩និង៤៥នាទី នឹងបន្តវិញ នៅថ្ងៃពុធនេះ៕





