ដោយ ព្រំ សឿន សូលីណា
ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដែលមានគ្នាជាង២០នាក់ នោះ ដឹកនាំដោយអ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែដ ឈ្មោះ អាកេ សេលស្ត្រុម។ ពួកគេបានធ្វើដំណើរមកប្រទេសស៊ីរី ក្នុងគោលបំណងចង់ដឹងថា តើក្នុងការប្រយុទ្ធរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមកន្លងមក មានប្រើប្រាស់អាវុធជាតិគីមី ដែររឺទេ។ ប៉ុន្តែ បេសកកម្មក្រុមអ្នកស៊ើបអង្កេតទាំងនេះ គ្មានទិសដៅស្វែងរកមុខអ្នកទទួលខុសត្រូវដែលប្រើអាវុធគីមីទាំងអស់ នោះទេ។គួររំលឹកថា រដ្ឋាភិបាលលោកអាសាដ និងក្រុមឧទ្ទាមតែងតែចោទគ្នាទៅវិញទៅមកថា បានប្រើអាវុធគីមីក្នុងការវាយប្រហារកន្លងមក។ កាលពីខែកក្កដា ឆ្នាំ២០១២ រដ្ឋាភិបាលស៊ីរីធ្លាប់បានទទួលស្គាល់ជាលើកទី១ថា ខ្លួនមានអាវុធជាតិគីមី ហើយបានគំរាមថា នឹងប្រើប្រាស់វា ប្រសិនបើមានអន្តរាគមន៍យោធា ពីបណ្តាបស្ចិមប្រទេស។ ប៉ុន្តែ រដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា មិនប្រើប្រាស់អាវុធទាំងនេះប្រឆាំងនឹងប្រជាជនខ្លួនឡើយ។
បណ្តាបស្ចិមប្រទេសដូចជា បារាំង អង់គ្លេស អាមេរិក ធ្លាប់បានសន្និដ្ឋានថា អាវុធគីមីត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសារ ក្នុងការប្រយុទ្ធរវាងកងទ័ពស៊ីរីនិងក្រុមឧទ្ទាម។
គេគ្រាន់តែអាចស្មានថា ឃ្លាំងអាវុធគីមីនៅស៊ីរីគឺឃ្លាំងសំខាន់បំផុតមួយ នៅមជ្ឍិមបូព៌ាតែប៉ុណ្ណោះ។ គ្មានតួលេខជាសាធារណៈណាមួយដែលអាចបញ្ជាក់ពីបញ្ហានេះនោះទេ។
ស៊ីរីមិនបានចុះហត្ថលេខាលើអនុសញ្ញាហាមឃាត់អាវុធគីមី ហើយក៏មិនមែនជាសមាជិកនៃអង្គការទទួលបន្ទុកត្រួតពិនិត្យការ ប្រើប្រាស់អាវុធនេះផងដែរ។ យោងតាមអង្គការឯករាជ្យមួយដែលបានធ្វើការលើទិន្នន័យស្តីពីអាវុធ ប្រល័យលោក ប្រទេសស៊ីរីបានចាប់ផ្តើមកម្មវិធីគីមីរបស់ខ្លួននៅទស្សវត្សរឆ្នាំ ១៩៧០ ដោយមានជំនួយពីអេហ្ស៊ីប និងសហភាពសូវៀត។ ហើយបន្ទាប់មកទៀត មានរុស្ស៊ី និងអ៊ីរ៉ង់ បានបន្តជួយជ្រោមជ្រែង។
ស៊ីរីបានទទួលជោគជ័យក្នុងការគ្រប់គ្រងសំយោគធាតុផ្សំផូស្វរ និងកាបូន។ ធាតុផូស្វរនិងកាបូនដែលលាយចូលគ្នានេះ គឺជាអាវុធគីមីជំនាន់ក្រោយគេ ហើយជាអាវុធគីមីដ៏មានប្រសិទ្ធភាពខ្ពស់ជាងគេ និងពុលខ្លាំងជាងគេបំផុត ក្នុងចំណោមអាវុធគីមីដទៃទៀត៕
