Looking Today ·
ការថែរក្សាស្បែក មិនត្រឹម តែសំដៅទៅលើស្ដ្រីនោះទេ បុរសក៏ត្រូវតែយកចិត្ដ ទុកដាក់នៅក្នុងការថែរក្សា ស្បែកឱ្យបាន ដិតដល់ផងដែរ។ ស្បែកមិនស្អាតគឺជាបញ្ហាមួយដែលធ្វើឱ្យ មនុស្សគ្រប់រូបមានការព្រួយ បារម្ភ ជាពិសេសនៅពេលដែល ធ្វើដំណើរទៅ ណាមកណាម្ដងៗ គឺតែងតែមាន អារម្មណ៍អន់ចិត្ដចំពោះស្បែករបស់ខ្លួនឯង ដោយសារតែមើលទៅស្បែក មានភាពស្រអាប់មិនស្រស់ថ្លា។
គេហទំព័រសុខភាពកម្ពុជា ជួបជាមួយអ្នកនាង ពុំ សុភារម្យ នាយិកានៃសម្អាងការលុច្ស
នឹងប្រាប់អំពីវិធីសាស្ដ្រ នៅក្នុងការថែរក្សាស្បែក ដើម្បីឱ្យបុរសគ្រប់រូបបាន ជ្រាបចំពោះបញ្ហានេះ។
ប្រភេទស្បែកបុរស
ជាទូទៅស្បែករបស់បុរសគឺមានពីរប្រភេទ គឺប្រភេទស្បែកខ្លាញ់ និងស្បែកស្ងួត។
១ . ស្បែកខ្លាញ់ ៖ គឺជាប្រភេទស្បែក ដែលងាយកើតមាន បញ្ហាជាច្រើន ជាពិសេសគឺបញ្ហាមុន ដូចជាមុនអង្កាម មុនរោល មុនខ្ទុះជាដើម មិនថាលើផ្ទៃមុខឬលើដងខ្លួន នោះទេ អាចកើតឡើងបានគ្រប់ កន្លែងនៃសព៌ាង្គកាយ។ ចំពោះស្បែកដែលមាន ជាតិខ្លាញ់ ច្រើននេះងាយប្រឡាក់ ធូលីដែលធ្វើឱ្យស្បែកស្អិត ប្រសិនបើលោកអ្នកមិនបាន ធ្វើការសម្អាតឱ្យបានត្រឹមត្រូវនោះទេ វាអាចបង្កឱ្យមាន ស្នាមខ្មៅតូចៗ ជាច្រើននៅលើស្បែករបស់លោកអ្នក។
២ . ស្បែកស្ងួត ៖ គឺជាស្បែកដែលមានលក្ខណៈងាយជ្រួញ ងាយបែកស្រកា ស្បែកអាចម៍រុយ ស្បែកជាំជាដើម ពីព្រោះ ស្បែកប្រភេទនេះវាកង្វះនូវជាតិប្រេង និងជាតិទឹក។ ស្បែកស្ងួតភាគច្រើនមិនមាន ក្រពេញបញ្ចេញជាតិខ្លាញ់ គ្រប់គ្រាន់នោះទេ ជាពិសេសនៅពេលខែរងា ស្បែកងាយនឹងឆាប់បែកស្រកា។ ហើយនៅពេលដែល លោកអ្នកអេះ វានឹងឡើងហុយ ជាពិសេសនៅពេល ដែលត្រូវពន្លឺថ្ងៃក្ដៅខ្លាំង ស្បែករបស់លោកអ្នក ងាយនឹងជាំឆាប់ខ្មៅ ហើយរបកនិងឆាប់ ជ្រួញទៀតផង។
របៀបថែរក្សាស្បែករបស់បុរស
ជាធម្មតាស្បែករបស់មនុស្សយើងនៅ ក្នុងមួយថ្ងៃទទួល រងនូវការត្រូវពន្លឺ ថ្ងៃ កម្ទេចធូលីផ្សេងៗ ដែលអាចធ្វើឱ្យស្បែក ទទួលរងនូវ បញ្ហាជាច្រើន ដូចនេះលោកអ្នកត្រូវតែមាន វិធីសាស្ដ្រនៅក្នុងការ ថែរក្សាស្បែកឱ្យបាន ត្រឹមត្រូវ។
១ . ស្បែកខ្លាញ់ ៖ ត្រូវធ្វើការសម្អាតដោយការប្រើប្រាស់សាប៊ូ ដែលកម្ចាត់ជាតិខ្លាញ់។ ចំពោះស្បែកមុខ លោកអ្នកត្រូវប្រើ ហ្វូមដែលមាន សារជាតិកម្ចាត់ជាតិខ្លាញ់ ហើយត្រូវប្រើក្នុង មួយថ្ងៃឱ្យបានបីដង គឺនៅពេលព្រឹក ពេលល្ងាច និងមុនពេលចូលគេង។ ត្រូវមានផលិតផល លាបទៅលើស្បែកមុខឬស្បែកដងខ្លួន ជាប្រភេទឡេកម្ចាត់ ជាតិខ្លាញ់។ ចៀសវាងការបរិភោគ អាហារដែលសម្បូរ ទៅដោយជាតិខ្លាញ់ និងជាតិប្រេង ត្រូវឧស្សាហ៍សម្អាតខ្លួនដោយទឹកក្ដៅដែលមាន សីតុណ្ហភាពក្ដៅឧណ្ហៗ ជាពិសេសត្រូវញ៉ាំទឹក ឱ្យបានច្រើន។
២ . ស្បែកស្ងួត ៖ ត្រូវប្រើសាប៊ូឬហ្វូមដែលមានជាតិប្រេងសម្រាប់សម្អាត ដើម្បីជំនួយដល់ស្បែក ដែលមានជាតិស្ងួត។ ត្រូវប្រើផលិតផល ដែលមានជាតិប្រេងលាបនៅលើស្បែក ដើម្បីឱ្យស្បែកមានសំណើម។ ត្រូវទទួលទានអាហារណា ដែលមាន សារៈប្រយោជន៍ចំពោះស្បែក ជាពិសេសគឺបន្លែដែលអាចជំនួយដល់ស្បែក។ ត្រូវសម្អាតខ្លួនដោយ ទឹកត្រជាក់ធម្មតា ជាពិសេសត្រូវ ទទួលទានទឹកឱ្យបានច្រើន យ៉ាងតិច៨កែវ ក្នុងមួយថ្ងៃ ព្រោះទឺកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយ ឱ្យស្បែកមានសំណើម និងមានសភាពភ្លឺថ្លា។
ផលប៉ះពាល់បើសិនជាមិនបានធ្វើការថែរក្សាស្បែកឱ្យបានល្អ
ជាការពិតណាស់បើសិនជាលោកអ្នកមិនបានធ្វើការ ថែរក្សាស្បែកឱ្យបានដិត ដល់ទេនោះ លោកអ្នកកអាច ជួបនឹងបញ្ហាជា ច្រើន ដូចជាធ្វើឱ្យស្បែកមិនមានភាពស្រស់ស្អាត ស្បែកស្រអាប់ គ្មានសំណើម ឬបង្កឱ្យកើតមានបញ្ហាមុខជាំ អាចម៍រុយ ធ្វើឱ្យឆាប់ជ្រីវជ្រួញជាដើម។ ដូចនេះលោកអ្នក គួរតែធ្វើការថែរក្សាស្បែករបស់ លោកអ្នកឱ្យបានល្អ ចៀសវាងកើតមាន បញ្ហាផ្សេងៗ ដែលពិបាកនៅក្នុង ការព្យាបាល និងចំណាយថវិកា ជាច្រើនថែមទៀតផង។
ដំបូន្មានអ្នកជំនាញ
ស្បែកគឺជាផ្នែកមួយដែលសំខាន់បំផុតនៅក្នុង រូបរាងកាយរបស់មនុស្សយើង ហើយក៏ជាសោភ័ណភាព មួយដ៏ពិសេស សម្រាប់សម្រស់ របស់មនុស្សគ្រប់រូប។ ស្បែកស្អាតធ្វើឱ្យសុភាព បុរសគ្រប់រូបមានមោទន ភាពចំពោះខ្លួនឯង ដូចនេះដើម្បីឱ្យស្បែក របស់អ្នកស្អាត សុភាពបុរសគ្រប់ រូបគួរគប្បីតែថែរក្សាដោយយកចិត្ដ ទុកដាក់បំផុត មិនត្រូវបណ្ដែតបណ្ដោយឱ្យ ស្បែកស្អាតបាត់បង់ ដោយងាយៗនោះទេ ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
