លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា ពាក្យស្នើសុំ
ឲ្យក្រុមយុវជនទាំង ៤នាក់ បាននៅក្រៅឃុំ ត្រូវបានមេធាវី ដាក់ទៅកាន់ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣។ ប៉ុន្តែលោកចៅក្រម សេង នាង ដែលកាន់សំណុំរឿងក្តីយុវជនទាំង ៤ នាក់នោះ មិនទាន់សម្រេចបែបណានៅឡើយទេ។
សូមរម្លឹកថា យុវជន ៤ នាក់ ក្នុងនោះ មានឈ្មោះ ទួត ចន្ទបញ្ញា និង សុខ ដាលិស ( ស្រី ) ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥សីហា ឆ្នាំ២០១៣ ក្នុងពេលទៅយកផ្កា នៅហាងម្តុំផ្សារថ្មី។ ចំណែកម្ចាស់ហាងហ្វូតូកូពី យីហោ ម៉េងកៅ ឈ្មោះ លឹម លីផេង ( ស្រី ) និងឈ្មោះ ហ៊ីវ បូរិន បុគ្គលិកក្រុមហ៊ុន អាតូមិក។ ហ៊ីវ បូរិន ទទួលកាម៉ង់តាមអនឡាញ ដើម្បីឲ្យបោះពុម្ព និងទិញផ្កា ១០០០ ទង ចែកដល់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានដាក់ពង្រាយ តាមផ្លូវ ក្រោយការបោះឆ្នោត ដើម្បីកុំឲ្យកងកម្លាំងទាំងនោះ ប្រើប្រាស់ហិង្សាលើអ្នកតវ៉ា បើសិនជាមានបាតុកម្មកើតឡើង។
ក៏ប៉ុន្តែប៉ូលិស បានលើកឡើងថា យុវជនទាំង ៤ នាក់ ដែលមានស្ត្រីពីរនាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទផលិត និងចែកចាយខិតប័ណ្ណជាច្រើនរយសន្លឹក ដែលប៉ូលិសថា មានខ្លឹមសារញុះញង់ ឲ្យមានហិង្សាប្រដាប់អាវុធ ផ្តួលរំលំរដ្ឋាភិបាល។
តុលាការ កាលពីថ្ងៃទី១៧សីហា បានចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស។ យុវជនទាំង ៤ នាក់ ត្រូវតុលាការចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមច្បាប់ព្រហ្មទណ្ឌ មាត្រា ៤៩៤ និងមាត្រា ៤៩៥។ ជាបទចោទប្រកាន់ ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ។
ប៉ូលិសបានភ្ជាប់ករណីយុវជនទាំង ៤ នាក់នោះ ទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចប្រជាពលរដ្ឋខ្មែរ ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ការកម្ម៉ង់ទិញផ្កា និងបោះពុម្ពខិតប័ណ្ណនោះ គឺលោក សួន សេរីរដ្ឋា ជាអ្នកកម្ម៉ង់៕
