សព្វថ្ងៃ
នេះជំងឺទឹកនោមប្រៃពុំសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់
ប្រជាជននៅឡើយទេ ព្រោះជាពួកគេច្រើនតែនិយាយអំពីជំងឺទឹកនោមផ្អែម។ ប៉ុន្តែវាក៏ជាជំងឺមួយផ្តល់នូវគ្រោះថ្នាក់ដ៏ខ្លាំងក្លាដល់សុខភាព និងបំផ្លាញ់សិរីរាង្គជាច្រើនក្នុងខ្លួនរបស់អ្នកជំងឺដែរ។ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះអាចកើតទាំងមនុស្សចាស់ និងកូនក្មេង។
យើងទាំងអស់គ្នាសុទ្ធតែដឹងថាទឹកនោមធម្មតាគឺប្រៃ ប៉ុន្តែពាក្យថាជំងឺទឹកនោមប្រៃនេះគឺចង់សម្តៅទៅលើជាតិប្រៃដោយ សារជាតិប្រូតេអ៊ីនក្នុងឈាមចេញទៅតាមទឹកនោមច្រើន រហូតដល់ច្រើនជាង ៣,៥ក្រាមក្នុងមួយថ្ងៃ។ ហើយជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅពេលអ្នកជំងឺមកជួបគ្រូពេទ្យ ដោយមាន អាការៈហើម និងមានបញ្ហាទៅលើតម្រងនោម។
រោគសញ្ញា
- ហើម ជាពិសេសនៅជុំវិញភ្នែក កែងជើង និងប្រអប់ជើង
- ទឹកនោមមានពពុះច្រើន នេះដោយសារតែជាតិប្រូតេអ៊ីននៅក្នុងទឹកនោមច្រើនពេក
- ឡើងទម្ងន់ដោយសារតែហើម។
មូលហេតុ
ជំងឺទឹកនោមប្រៃច្រើនតែបណ្តាលមកពីការខូចខាតនូវចង្កោមសរសៃឈាមតូចក្នុងតម្រងនោមទាំងពីររបស់អ្នក (Glomeruli)។
ចង្កោមសរសៃឈាម Glomeruli ប្រៀបដូចជាកញ្ច្រែងច្រោះឈាមរបស់អ្នកក្នុងតម្រងនោម ហើយវាក៏ជាសិរីរាង្គសម្រាប់បែងចែកថាសារធាតុណាត្រូវនៅក្នុងខ្លួន និងមិនត្រូវនៅក្នុងខ្លួន។ ចង្កោមសរសៃឈាម Glomeruli ដែលមានសុខភាពល្អគឺមិនអាចអោយប្រូតេអ៊ីនចេញពីក្នុងឈាមទៅតាម ទឹកនោមបានទេ។ នៅពេលចង្កោមសរសៃឈាម Glomeruli ខូចខាត វានឹងធ្វើអោយប្រូតេអ៊ីនក្នុងឈាមលេចចូលទៅក្នុងទឹកនោមបាន និងបង្កើតជាជំងឺទឹកនោមប្រៃ។
មូលហេតុដែលអាចកើតមាន
មានជំងឺជាច្រើនអាចបណ្តាលអោយខូចសរសៃឈាម Glomerular ក្នុងតម្រងនោម និងបង្កទៅជាជំងឺទឹកនោមប្រៃបានមានដូចជា៖
- ជំងឺប្រែប្រួលតិចតួច៖ នេះគឺជាស្ថានភាពដែលបណ្តាលអោយកុមារមានជំងឺទឹកនោមប្រៃញឹកញាប់ជាង គេបំផុត ហើយវាច្រើនបណ្តាលមកពីមុខងារតម្រងនោមមិនធម្មតា ប៉ុន្តែបើយើងពីនិត្យទៅលើជាលិកាតម្រងនោមតាមមីក្រូទស្សន៍ទៅ ឃើញថាមានសភាពធម្មតាទេ។ ចំណែកឯមុខងារមិនធម្មតារបស់វាដល់ពេលនេះហើយមិនទាន់មាននរណារកឃើញ នៅឡើយទេ។
- ជំងឺ Focal Segmental Glomerulosclerosis៖ នេះគឺជាការកើតជាសន្លាក់នៅលើសរសៃឈាម Glomeruli ដែលវាបណ្តាលមកជំងឺផ្សេងមួយទៀត ខូចហ្សែន ឬរកមូលហេតុមិនឃើញ។
- ជំងឺ Membranous Nephropathy៖ លក្ខណៈជំងឺតម្រងនោមប្រភេទនេះកើតឡើងដោយសារតែភ្នាសរបស់សរសៃឈាម Glomeruli ទៅជាក្រាស់ពេក។ ចំពោះមូលហេតុរបស់វាគេមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែពេលខ្លះមានជាប់ពាក់ព័ន្ធនឹងជំងឺដែរដូចជា ជំងឺរលាកថ្លើមប្រភេទ B ជំងឺគ្រុនចាញ់ ជំងឺស្បែក Lupus និងជំងឺមហារីក។
- ជំងឺទឹកនោមផ្អែមតម្រងនោម (Diabetic Kidney Disease)៖ ជំងឺទឹកនោមផ្អែមក៏អាចធ្វើអោយខូចតម្រងនោមបានដែរ (Diabetic Nephropathy) ដែលវាប៉ះពាល់ទៅលើសរសៃឈាម Glomeruli។
- ជំងឺស្បែក Systemic Lupus Erythematosus៖ នេះគឺជាជំងឺរលាកស្បែករ៉ាំរ៉ៃដែលអាចវិវត្តន៍ទៅជាជំងឺខូច តម្រងនោមដ៏ធ្ងន់ធ្ងរ។
- ជំងឺ Amyloidosis៖ ជំងឺប្រភេទនេះកើតឡើងនៅពេលសារធាតុប្រូតេអ៊ីន Amyloid កកកុញគ្នាច្រើននៅក្នុងសិរីរាង្គក្នុងខ្លួន។ ការកើនឡើងនៃសារធាតុ Amyloid ច្រើនតែប៉ះពាល់ទៅលើតម្រងនោម និងខូចនូវប្រព័ន្ធច្រោះទឹកនោមរបស់វា។
- ឈាមកកក្នុងសរសៃឈាមវ៉ែនតម្រងនោម៖ កំណកឈាមក្នុងសរសៃឈាមវ៉ែនតទៅតម្រង អាចនឹងបង្កអោយមានជំងឺទឹកនោមប្រៃបាន។
- ខ្សោយបេះដូង៖ ទម្រងនៃជំងឺខ្សោយតម្រងនោមមួយចំនួនដូចជា រលាកស្រោមបេះដូងប្រភេទ Constrictive Pericarditis និងជំងឺខ្សោយបេះដូងខាងស្តាំធ្ងន់ធ្ងរ អាចវិវត្តន៍ទៅជាជំងឺទឹកនោមប្រៃបាន។
កត្តាប្រឈមមុខ
កត្តាដែលអាចប្រឈមនឹងជំងឺទឹកនោមប្រៃកាន់តែខ្លាំងមានដូចជា៖
- ជំងឺដែលអាចអោយខូចតម្រងនោមបាន៖ ជំងឺដែលអាចប្រឈមនឹងជំងឺទឹកនោមប្រៃបានមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺស្បែក Lupus ជំងឺAmyloidosis ជំងឺប្រែប្រួលតិចតួច និងជំងឺតម្រងនោមផ្សេងៗទៀត។
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលអាចបង្កទៅជាជំងឺទឹកនោមប្រៃបានមាន ថ្នាំ Nonsteroidal Anti-inflammatory Drugs និងថ្នាំសម្លាប់មេរោគ។
- ជំងឺឆ្លងមួយចំនួនដូចជា ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B, C និងជំងឺគ្រុនចាញ់។
ផលវិបាក
- កំណកឈាម៖ សរសៃឈាម Glomeruli ដែលអសមត្ថភាពក្នុងការច្រោះទឹកនោមអាចនឹងធ្វើអោយបាត់បង់ប្រូតេអ៊ីន ពីក្នុងឈាម។ ប្រូតេអ៊ីនក្នុងឈាមមានតួរនាទីជួយការពារកុំអោយឈាមកកក្នុងសរសៃឈាម ដូច្នេះកាលណាបាត់បង់ប្រូតេអ៊ីនកាន់តែច្រើន ការប្រឈមនឹងកំណកឈាមក្នុងសរសៃឈាមវ៉ែនក៏កាន់តែខ្លាំងដែរ។
- ជាតិខ្លាញ់ កូឡេស្ទើរ៉ូល និង Triglycerides កើនឡើង៖ នៅពេលកម្រិតប្រូតេអ៊ីនក្នុងឈាមត្រូវបានថយចុះ ថ្លើមត្រូវការបង្កើនប្រូតេអ៊ីនឡើងវិញអោយបានច្រើន។ ស្របពេលជាមួយគ្នានោះ ថ្លើមក៏បានបញ្ចេញជាតិខ្លាញ់ កូឡេស្តេរ៉ូល និង Triglycerides មកជាមួយដែរ។
- កង្វះអាហាររូបត្ថម្ភ៖ ការបាត់បង់ប្រូតេអ៊ីនច្រើនពេកអាចបណ្តាលអោយអ្នកជំងឺមានស្ថានភាពកង្វះ អាហាររូបត្ថម្ភបាន។ ពេលនោះ វានឹងធ្វើអោយស្រកទម្ងន់ ប៉ុន្តែមានសភាពហើមទៅវិញ។
- សម្ពាធឈាមឡើងខ្ពស់៖ ការខូចខាតសរសៃឈាម Glomeruli និងការសំណល់ក្នុងឈាមកើនឡើងអាចធ្វើអោយសម្ពាធឈាមកើនឡើងដែរ។
- ខ្សោយតម្រងនោមស្រួចស្រាវ៖ ជំងឺទឹកនោមប្រៃប្រហែលជាបណ្តាលអោយតម្រងនោមរបស់អ្នកខូចមុខងារបន្តិច ម្តងៗ។ ប្រសិនបើមុខងារតម្រងនោមបាត់បង់ច្រើនណាស់ហើយ អ្នកប្រហែលជាត្រូវព្យាបាលដោយការលាងឈាម ឬប្តូរតម្រងនោមថ្មី។
- ឆ្លងជំងឺ៖ អ្នកជំងឺទឹកនោមប្រៃច្រើនតែប្រឈមមុខខ្ពស់នឹងការឆ្លងជំងឺផ្សេងៗ។
តេស្ត និងរោគវិនិច្ឆ័យ
តេស្តដើម្បីយកមកធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមប្រៃមានដូចជា៖
- តេស្តទឹកនោម៖ ការពិនិត្យទឹកនោមអាចរកឃើញនូវភាពមិនធម្មតាក្នុងទឹកនកោមដូចជា មានចំនួនដ៏ច្រើនរបស់ប្រូតេអ៊ីនក្នុងទឹកនោមប្រសិនបើអ្នកមានជំងឺ ទឹកនោមប្រៃ។ អ្នកប្រហែលជាតម្រូវអោយពិនិត្យទឹកនោមរយៈពេល ២៤ម៉ោងដើម្បីកំណត់អំពីចំនួនរបស់ប្រូតេអ៊ីនក្នុងទឹកនោម។
- តេស្តឈាម៖ ប្រសិនបើអ្នកមានជំងឺទឹកនោមប្រៃ ការធ្វើតេស្តឈាមប្រហែលអាចបង្ហាញអំពីកម្រិតដ៏ទាបនៃប្រភេទ ប្រូតេអ៊ីន Albumin (Hypoalbuminemia)។ ការបាត់បង់ជាតិប្រូតេអ៊ីនច្រើនតែធ្វើអោយជាតិខ្លាញ់កូឡេស្ទើរ៉ូល និង Triglyceride ក្នុងឈាមកើនឡើង។ ចំនួន Creatinine និង ជាតិអ៊ុយរេក្នុងឈាមក៏ប្រហែលជាត្រូវពិនិត្យមើលដែរដើម្បីអាច វាយតម្លៃអំពីមុខងារតម្រងនោមអ្នកបាន។
- ច្រិបសាច់តម្រងនោមមកពិនិត្យ។
ការព្យាបាល
ការព្យាបាលជំងឺទឹកនោមប្រៃគឺផ្តោតសំខាន់ទៅលើមូលហេតុរបស់វា។ គ្រូពេទ្យក៏ប្រហែលជាណែនាំអោយប្រើថ្នាំដែលអាចគ្រប់គ្រងរោគសញ្ញា ឬព្យាបាលផលវិបាករបស់ជំងឺទឹកនោមប្រៃ។ ការប្រើប្រាស់ថ្នាំមានដូចជា៖
- ថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំ Angiotensin-converting Enzyme Inhibitors អាចជួយកាត់បន្ថយសម្ពាធឈាម និងចំនួនប្រូតេអ៊ីនដែលបញ្ចេញទៅតាមទឹកនោមបាន។ ថ្នាំប្រភេទនេះមានដូចជា Benazepril (Lotensin), Captopril (Capoten), និង Enalapril (Vasotec)។ ហើយថ្នាំមួយប្រភេទទៀតដែលមានឥទ្ធិពលដូចគ្នាដែរនោះគឺ Angiotensin II Receptor Blockers ដែលមានថ្នាំដូចជា Losartan (Cozaar) និង Valsartan (Diovan)។
- ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំបញ្ចុះទឹកនោមអាចជួយគ្រប់គ្រងស្ថានភាពនៃការហើមបាន។ ថ្នាំនេះមានដូចជា Furosemide (Lasix) ឬ Spironolactone (Aldactone)។
- ថ្នាំបន្ថយជាតិខ្លាញ់កូឡេស្តេរ៉ុល៖ ការបញ្ចុះជាតិខ្លាញ់កូឡេស្ទើរ៉ុលអាចប្រើជាមួយនឹងថ្នាំ Statin ហើយថ្នាំនេះមានដូចជា Atorvastatin (Lipitor), Fluvastatin (Lescol), Lovastatin (Altoprev, Mevacor), Pravastatin (Pravachol), Rosuvastatin (Crestor) និង Simvastatin (Zocor)។
- ថ្នាំរំលាយកំណកឈាម៖ ថ្នាំដែលអាចជួយកាត់បន្ថយការកកឈាមក្នុងសរសៃឈាមគឺ Heparin ឬ Warfarin (Coumadin)។
- ថ្នាំទប់សកម្មភាពរបស់ប្រព័ន្ធភាពស៊ាំ៖ ថ្នាំសម្រាប់ទប់សកម្មភាពរបស់ប្រព័ន្ធភាពស៊ាំដូចជា Corticosteroids ប្រហែលជាអាចកាត់បន្ថយការរលាកដែលទាក់ទងនឹងជំងឺតម្រងនោមដូចជាជំងឺ Membranous Nephropathy បាន។
របៀបរស់នៅ និងការព្យាបាលនៅផ្ទះដោយខ្លួនឯង
ការផ្លាស់ប្តូររបបអាហារប្រហែលជាអាចជួយអ្នកក្នុងការបង្ការជំងឺទឹកនោមប្រៃបាន ហើយរបបអាហារទាំងនោះមានដូចជា៖
- ជ្រើសរើសអាហារប្រភេទសណ្តែកព្រោះសម្បូរប្រូតេអ៊ីន
- កាត់បន្ថយការទទួលទានអាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុល
- កាត់បន្ថយអាហារមានជាតិប្រៃដើម្បីអាចបន្ថយការហើម៕
(អត្ថបទដកស្រង់ពីគេហទំព័រ Health.com.kh)
