វៀតណាម : តុលាការ ភាគខាងត្បូង ប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតស្ដ្រី ជនជាតិថៃម្នាក់ពីបទជួញដូរគ្រឿងញៀន ប្រភេទកូកាអ៊ីន២គីឡូក្រាមទៅក្នុងប្រទេសវៀតណា។
យោងតាមការចុះផ្សាយ របស់សារព័ត៌មានរដ្ឋរបស់វៀតណាម កាលពីថ្ងៃពុធកន្លងទៅនេះ ។
កាសែត ថាញ់ នៀន បានចុះ ផ្សាយថា តុលាការប្រជាជនក្នុងក្រុង ហូជីមិញបានកាត់ទោសប្រហារជីវិតស្ដ្រី ថៃឈ្មោះ ឆាយមង្គល ស៊ូរ៉ាឆា វ័យ ៣១ឆ្នាំ កាលពីថ្ងៃម្សិលម្ង៉ៃ។ ពិរុទ្ធជន ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ពោលគឺចំពេលដែលរូបនាងបានទៅដល់ចំណតអាកាសយានដ្ឋាន សន់ញាត ដោយ មានអាល់ប៊ុមរូបថតចំនួន២ដែលបង្កប់ ថ្នាំញៀនកូកាអ៊ីន២គីឡូក្រាមនៅខាងក្នុង។
កាលពីថ្ងៃចន្ទសបា្ដហ៍នេះតុលាការ  វៀតណាមក៏បានកាត់ទោសប្រហារជីវិតជនជាតិនីហ្សរីយ៉ាម្នាក់ពីបទ ជួញដូរគ្រឿង ញៀនដូចគ្នា។ វៀតណាមមានច្បាប់ ប្រឆាំងគ្រឿងញៀនយ៉ាងតឹងរ៉ឹងផងដែរ បើប្រៀបធៀបនឹងច្បាប់របស់បណ្ដា ប្រទេសផ្សេងៗលើពិភពលោក ក្នុងនោះ ការជួញដូរគ្រឿងទម្ងន់ជាងកន្លះគីឡូក្រាម ឡើងទៅគឺត្រូវទទួលទោសប្រហារជីវិត។
ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១០០នាក់ត្រូវបានកាត់ទោសប្រហារជីវិត ទាក់ទងនឹងបទឧក្រិដ្ឋគ្រឿងញៀន ដោយ ប្រហារជីវិតតាមការចាក់ថ្នាំបំពុល ៕