
ក្រុមប្រឹក្សាធម្មនុញ្ញ។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញផ្សាយសេចក្តីជូនដំណឹងមួយ ដែលប្រាប់អំពីលទ្ធផលនៃការបើកសុវត្ថិភាព ក នៃឯកសារបោះឆ្នោត ដែលសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិចង់បាន។
សេចក្តីប្រកាសព័ត៌មាននោះសរសេរថា ដោយផ្អែកលើច្បាប់ស្តីពីការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ ក្រុមប្រឹក្សាធម្មនុញ្ញ អាចសម្រេចឱ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” មួយចំនួន ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ហើយក្រុមប្រឹក្សាធម្មនុញ្ញ ក៏អាចបើកសវនាការជាសាធារណៈដើម្បីដោះស្រាយភាពមិនប្រក្រតីនៃ ការបោះឆ្នោតនៅខាងមុខដែរ។ លោក អ៊ុត ឈន អ្នកនាំពាក្យ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ថាកញ្ចប់សុវត្ថិភាព “ក”ពិតជាត្រូវបើកដើម្បីធ្វើការផ្ទៀងផ្ទាត់ ទៅតាមបណ្តឹងដែលបានដាក់ស្នើ ដោយផ្អែកលើភាពចាំបាច់ និងការផ្តល់សក្ខីកម្មរបស់ដើមបណ្តឹង។ ដើមបណ្តឹងដែលលោក អ៊ុត ឈន និយាយនោះ គឺចង់សំដៅលើ គណកប្សសង្គ្រោះជាតិ ដែលបានដាក់បណ្តឹងទាស់ចំនួន១៥បណ្តឹងមកកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យជួយដោះស្រាយ បន្ទាប់ការមិនសុខនូវដំណោះស្រាយរបស់គ.ជ.ប។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការបើកកញ្ចប់សុវត្ថិភាព “ក” និងសវនាការនៃការដោះស្រាយនោះ អាចត្រឹមធ្វើលើបណ្តាខេត្ត និងមណ្ឌលមួយចំនួនតែប៉ុណ្ណោះ។
ទាក់ទងនឹងកញ្ចប់សុវត្ថិភាព នេះដែរ កាលពីថ្ងៃទី២១ សីហា លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅ លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រក្សាទុកកញ្ចប់សុវត្ថិភាព "ក" អោយមានសុវត្ថិភាពខ្ពស់បំផុត។
លោក សមរង្ស៊ី បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញដែលកំពុងពិនិត្យបណ្តឹងបោះឆ្នោតរបស់គណបក្សស ង្គ្រោះជាតិ នឹងអាចសម្រេចអោយ គជប ពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានានៅក្នុងកញ្ចប់សុវត្ថិភាព“ក” នេះ។
កញ្ចប់សុវត្ថិភាព ក មានរក្សាឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដូចជា ទំរង់ ១១០១ ១១០២ ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់ សន្លឹកឆ្នោតខូច គល់បញ្ជីសន្លឹកឆ្នោត និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម។
ចំពោះលោកសម រង្ស៊ី កញ្ចប់សុវត្ថិភាព "ក" នេះ គឺជាឯសារភស្តុតាង សម្រាប់យកមកប្រើប្រាស់ជាមូលដ្ឋានក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យលទ្ធផលបោះឆ្នោត របស់ គជប និងគណបក្សនយោបាយ។
គួរកត់សម្គាល់ថា ការប្រកាសបើកលទ្ធភាពកញ្ចប់សុវត្ថិភាព “ក” និងសវនាការជាសាធារណៈ របស់ក្រុមប្រឹក្សាធម្មនុញ្ញនាពេលនេះ បន្ទាប់ពីគណបក្សជាប់ឆ្នោតក្នុងរដ្ឋសភាទាំងពីរបានបរាជ័យសារជាថ្មី ក្នុងជជែកអំពីការបង្កើតគណៈកម្មពិសេសចំពោះកិច្ច ដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោត៕
