(អត្ថបទចុះផ្សាយនៅថ្ងៃ 09-08-2013, 9:56 am) | ដោយ រ៉េន រតនៈ
ក្រុម អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលកំពុងឃ្លាំមើលស្ថានការណ៍ជុំវិញការបោះឆ្នោតនៅកម្ពុជានោះ កាលពីថ្ងៃទី៨ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយសម្ដែងការព្រួយបារម្ភអំពី ស្ថានការណ៍នៃភាពចម្រូងចម្រាស់ ជុំវិញការការខុសគ្នានៃលទ្ធផលបោះឆ្នោត និងភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលបង្កឲ្យមាននូវភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា។ ក្រុមសង្គមស៊ីវិលក៏បានអំពាវនាវដល់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) គួរតែខិតខំកែលម្អរបៀបធ្វើការរបស់ខ្លួនឲ្យមានតម្លាភាពផងដែរ។
ក្រុមអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាបង្កើតអង្គភាពពិសេសមួយ ដែលហៅថា បន្ទប់ស្ថានការណ៍ នៃអង្គការសមាគមមិនមែនរដ្ឋាភិបាលនោះ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះគោលជំហរ និងការសម្រេចចិត្តមិនច្បាស់លាស់របស់ គ.ជ.ប ក្នុងការធានាដោះស្រាយភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត ពិសេសកិច្ចការសើបអង្កេតដ៏ត្រឹមត្រូវមួយដែលធានានូវតម្លាភាព ហើយថា គ.ជ.ប គួតែទទួលការការចូលរួមដោយពេញលេញពីអ្នកជំនាញការឯករាជ្យក្នុងការ អង្កេតលើភាពមិនប្រក្រតី ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអនុវត្តនូវអនុសាសន៍របស់សហគមអន្តរជាតិ ដែលចង់ឃើញការអង្កេតមួយប្រកបដោយតម្លាភាពនិងយុត្តិធម៌នោះ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលក៏បានសម្ដែងការព្រួយបារម្ភរបស់ខ្លួន ចំពោះភាពជាប់គាំនៃការបង្កើតគណៈកម្មការសម្រុះដើម្បីអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផងដែរ ចំណែក គ.ជ.បក៏មិនមាននូវយន្តការ ឬសកម្មភាពជាក់លាក់ណាមួយ ឆ្លើយតបទៅនិងការទាមទារ ដើម្បីបើកកិច្ចការស៊ើបអង្កេតនោះដែរ ។
ជាមួយនឹងការសម្ដែងការព្រួយបារម្ភនោះ ក្រុមអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវចំណុចដំបូង ជាមូលដ្ឋាន ដើម្បីដំណើរការស៊ើបអង្កេត និងស្រាវជ្រាវជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយត្រូវឱ្យមានការបើកចំហរឯកសារសំខាន់ៗមួយចំនួន ដែលមានដូចជា បញ្ជីបោះឆ្នោតដែលបានប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោតនៅថ្ងៃ បោះឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(ទម្រង់១១០២) និងគល់បញ្ជីលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជាដើម។
ខណៈលទ្ធផលនៃការបោះឆ្នោតមិនទាន់ត្រូវបានប្រកាសជាផ្លូវការនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានប្រកាសពីជ័យជម្នះរៀងៗខ្លួន។ គណបក្សកាន់អំណាចប្រមាណបីទសវត្សរ៍ថា ខ្លួនបន្តទទួលឈ្នះទៀត តាមរយៈការទទួលបាន៦៨អាសនៈ រីឯសង្គ្រោះជាតិបាន៥៥អាសនៈ។ ប៉ុន្តែគណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី វិញ ពួកគេទទួលបានរហូតទៅ៦៣អាសនៈឯណោះ៕
