រាជធានីភ្នំពេញ ៖
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី
ព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៣ នៅចំណុចមុខផ្សារសារឿនយ៉ានី
ផ្លូវលេខ ២១៧ ភូមិតាឡីសង្កាត់ជើងឯក
ខណ្ឌដង្កោ រាជធានីភ្នំពេញ
បណ្តាលឲ្យស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រងរបួសធ្ងន់ធ្ងរ
ខណៈដែលរថយន្តដឹកកម្មករមួយគ្រឿង បានបើកបុក អ្នកជិះម៉ូតូឌុបគ្នា
៣នាក់។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុ
បើកមកពីត្បូង
មកដឹកកម្មករពេញរថយន្ត លុះមកដល់កន្លែងកើតហេតុ គឺនៅមុខផ្សារ
សារឿនយ៉ានី ក៏បានជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នា ៣ នាក់
ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើងតាមផ្លូវ ២១៧
បណ្តាលឲ្យស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែម្នាក់របួសយ៉ាងធ្ងន់ធ្ងរ
ដោយរថយន្តកិនដាច់ប្រអប់ជើងឆ្វេង។
ប្រភពខាងលើបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ភាព ឆវិន ភេទស្រី អាយុ
២៤ ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ
មានផ្ទៃពោះរងរបួសធ្ងន់ដាច់ប្រអប់ជើងឆ្វេង ឈ្មោះលី ភក្តី ភេទប្រុស
អាយុ ២២ ឆ្នាំ កម្មករសំណង់ត្រូវប្អូនថ្លៃស្ត្រីរងគ្រោះ
និងឈ្មោះឆេង ឆេឡា ភេទប្រុស អាយុ ១៩ ឆ្នាំ
កម្មករសំណង់ជាអ្នកបើកម៉ូតូ ។ ជនរងគ្រោះ៣ នាក់ខាងលើនេះជិះម៉ូតូម៉ាក
CUP ជ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1E-5827
និងមានទីលំនៅភូមិកោះស្នោ ឃុំព្រែកខ្នុរ ស្រុកបាទី ខេត្តតាកែវ ។
ចំណែករថយន្តបង្កហេតុម៉ាក HYUNDAI កូរ៉េពណ៌ខៀវ
ពាក់ស្លាកលេខព្រះវិហារ 3A-0050 បើកបរដោយបុរសម្នាក់ឈ្មោះយ៉ង់ ធី
ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី
ខេត្តតាកែវ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានវាស់វែង
និងឃាត់ខ្លួនអ្នកបើកបរ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ជាមួយនឹងរថយន្តផងដែរ ចំពោះ
ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ
ពេទ្យរុស្ស៊ី៕

