ក្រុមហ៊ុន​វិភាគ និង​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ IDC ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​ពី​ចំណែក​កាន់កាប់​ទីផ្សារ និង​អត្រា​លក់ tablet របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ទូទាំង​ពិភពលោក​មួយ​ចំនួន​ ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៣។ របាយការណ៍​បាន​បង្ហាញ​ថា Apple ក្ដាប់​បាន​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ ហើយ​ការ​លក់​នោះ​ទៀតសោត​ក៏​ផ្អែម​ក​​ដែរ​ ពោល​គឺ​បាន ១៤,៦លាន​គ្រឿង​ច្រើន​ជាង​គេ​​។
ថ្វី​បើ​ការ​ចែកចាយ ក៏​ដូច​ជា​ចំណែក​ទីផ្សារ​របស់ Apple iPad នៅ​ត្រីមាស​ទី២ ឆ្នាំ២០១៣ ច្រើន​ជាង​គេ​មែន តែ​បើ​ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ២០១២ វិញ ​គឺ​​​ធ្លាក់​ចុះ​គួរ​កត់​សំគាល់​ជា​ពិសេស​គឺ ចំណែក​ទីផ្សារ​តែ​ម្ដង ដែល​ពី​ត្រីមាស​ទី២ ឆ្នាំ​មុន​មាន ៦០,៣% ធ្លាក់​រហូត​មក​សល់​ត្រឹម ៣២,៤% នៅ​ត្រីមាស​ទី២ ឆ្នាំ ២០១៣​នេះ ហើយ​ការ​ចែកចាយ​ក៏​ដូច​គ្នា​ដែរ គឺ​មាន​ការ​ថមថយ​ពី ១៧លាន​គ្រឿង មក​នៅ​ត្រឹម ១៤,៦លាន​គ្រឿង។ បើ​មើល​លើ កំណើន​ទីផ្សារ​ប្រចាំ​ឆ្នាំ​វិញ​ទទួល​បាន​​សញ្ញា​ដក គឺ​ធ្លាក់​ចុះ​​ ១៤,១% ប៉ុណ្ណោះ។
ដោយ​ឡែក ចំពោះ Samsung វិញ​ ត្បិត​ចំណែក​ទីផ្សារ និង​​​តួលេខ​លក់​នៅ​ចាញ់ iPad ក្ដី​តែ ទាំង​ពីរ​ចំណុច​នេះ​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​គួរ​កត់​សំគាល់។ Tablet របស់ Samsung ពី​ត្រីមាស​ទី២ ឆ្នាំ២០១២ លក់​ចេញ​បាន​ត្រឹម ២,១លាន​គ្រឿង​ប៉ុណ្ណោះ តែ​ពេលវេលា​ដដែល​ឆ្នាំ ២០១៣​នេះ​តួលេខ​កើន​ដល់ ៨,១លាន​គ្រឿង​ឯណោះ។ ហើយ​ចំណែក​ទីផ្សារ​កើន​ពី ៧,៦% ឡើង​ដល់ ១៨% និង​កំណើន​ទីផ្សារ​ប្រចាំ​ឆ្នាំ​បាន ២៧៧%។
ចំណែក​ក្រុមហ៊ុន​ចំនួន ៣​ទៀត​ដូច​ជា ASUS, Lenovo, Acer ទាំង​ចំណែក​ទីផ្សារ និង​ការ​ចែកចាយ​លក់​សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ទាំង​អស់​គ្នា៕​
អាន​៖ ការ​ប្រៀបធៀប​រវាង Galaxy Tab 3 ទាំង​ ៣ទំហំ​ សូម​ចុច​ត្រង់​នេះ …
អាន៖ Laptop អាច​នឹង​បាត់​ខ្លួន​ដោយ​សារ Tablet សូម​ចុច​ត្រង់​នេះ …
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេវិទ្យា​ថ្មីៗ …
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena, image.jpg