iPhone 5S មិន​ទាន់​មក​ដល់​ស្រុក​ខ្មែរ​ផង​ឥឡូវ​មាន​ប្រិយមិត្ត​​មិន​តិច​ទេ​ ​ដែល​ទន្ទឹង​ចាំ​ប្រើ​យ៉ាង​​អន្ទះសា ​ជា​ពិសេស​ពណ៌ ​មាស ​​ថ្មី​មិន​ធ្លាប់​មាន​​​​​នៅ​លើ​ស៊េរី​ iPhone​ ​ជំនាន់​មុនៗ តែ​ឆ្នាំ​នេះ​ Apple បាន​ចេញ​ 5S ពណ៌​មាស​យ៉ាង​ស្រស់​ស្អាត។


iPhone 5S ពណ៌​មាស
លោក វ៉ាន់ វិសិដ្ឋ មន្ត្រី​ពន្ធដារ​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា​លោក​ពិត​ជា​ស្រលាញ់​ពេញ​ ចិត្ត iPhone 5S ពណ៌​​ទឹក​​មាស ​ខ្លាំង​ណាស់ ដោយ​សារ​ស៊េរី​ថ្មី​នេះ​ទទួល​បាន​ការ​រចនា​រំលេច​ជា​មួយ​ពណ៌​ថ្មី យ៉ាង​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោក​បន្ត “ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ជា​មួយ​នឹង​ពណ៌​មាស​​ព្រោះ ពេល​យើង​ដក​យក​មក​កាន់ ឫ​និយាយ​ម្ដងៗ មិន​ច្រឡំ​នឹង iPhone ស៊េរី​ទាបៗ ជា​ពិសេស 5S មាន​រាង​ដូច iPhone 5 ណាស់។ បើ​ប្រើ​ពណ៌​មាស ដែល​ជា​ពណ៌​ថ្មី​មាន​តែ​នៅ​លើ 5S ទើប​គេ​ដឹង​ថា​ប្រើ iPhone 5S។
អាន​លក្ខណៈ​សម្បត្តិ​លំអិត​របស់ iPhone 5S សូម​ ចុចត្រង់​នេះ ​…
ចំណែក​ លោក​ ហែម​ សុជាតិ​ បុគ្គលិក​ធនាគារ PPCB បាន​ឲ្យ​ដឹង​ដែរ​ថា​” ខ្ញុំ​គិត​ថា iPhone 5S ដែល​មាន​ពណ៌​មាស ជា​ពណ៌​មិន​ដែល​ឃើញ​លើ​ពពួក iPhone​​ ស៊េរី​ចាស់​នោះ​ទេ។ Apple បាន​ចេញ​ពណ៌​ថ្មី​មួយ​ទៀត​នៅ​លើ iPhone 5S នេះ​មាន​ពណ៌​ដែល​ខ្ញុំ​ស្រលាញ់​តាហ្មង។ លោក​បាន​បន្ត​ថា​ពណ៌​ដែល​អាច​ទាក់ទាញ​អារម្មណ៍​ជាង​គេ​លើ iPhone 5S ពណ៌​មាស​ហ្នឹង​ឯង។
មិន​ថា​អ្នក​ណា​ទេ​សូម្បី​តែ​លោក តាំង ស៊ាវ​ទី ជា​អ្នក​ជំនួញ​មួយ​រូប​​ក៏​បាន​ប្រាប់​មក​កាន់ Sabay ស្រដៀង​នេះ​ដែរ​ថា អ្វី​ដែល​ថ្មី គឺ​មនុស្ស​តែងតែ​ចង់​សាក​ល្បង ជាក់​ស្ដែង​ដូច​ទូរសព្ទ​អីចឹង បើ​មាន​ពណ៌​ប្លែក នឹង​មាន​ប្រិយមិត្ត​ជា​ច្រើន​និយម​ប្រើ​ខ្លាំង ដូច iPhone 5S ពណ៌​មាស​ជា​ដើម។ លោក​បន្ត​ថា​លោក​ជឿ​ជាក់ នឹង​មាន​ការ​ប្រើ​ប្រាស់​ពណ៌​មាស​ច្រើន​​ជាង​ពណ៌ ស និង​ពណ៌ ខ្មៅ​សម្រាប់​ទីផ្សារ​ស្រុក​ខ្មែរ។
ចុះ​ប្រិយមិត្ត​វិញ គិត​ថា​ 5S ពណ៌​មាស​គួរ​ឲ្យ​ចាប់​អារម្មណ៍​អត់?
ដោយ៖ ដារ៉ា ឆានី