ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបានឈ្លោះប្រកែកគ្នាតាំងពីម៉ោង៤ទៀបភ្លឺរហូតដល់ ម៉ោង៦ព្រឹក ធ្វើឲ្យប្តីតូចចិត្តខឹងនឹងប្រពន្ធក៏ធ្វើអត្តឃាតដោយលោតពីលើអគារ ជាន់ទី៥ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្តីដែលតូចចិត្តនឹងប្រពន្ធហើយលោតពីលើអគារជាន់ទី៥ស្លាប់នោះ ឈ្មោះ ចាន់ រី អាយុ២២ឆ្នាំ មុខរបរជាកម្មករសំណង់ និងប្រពន្ធឈ្មោះ សុខ ស្រល់ អាយុ២៤ឆ្នាំ ជាកម្មករសំណង់ដូចគ្នា ស្នាក់នៅអគារបុរីកីឡាជាន់ទី៥ បន្ទប់លេខ១៤ មានស្រុកកំណើតនៅភូមិ-ឃុំព្រៃក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះឈ្លោះគ្នាចាប់តាំងពីម៉ោង៤ទៀប ភ្លឺមកម្ល៉េះ ប៉ុន្តែគេមិនដឹងថា ឈ្លោះគ្នាដោយសារមូលហេតុអី្វនោះទេ រហូតដល់ម៉ោង៦ព្រឹកស្រាប់តែប្តីខឹងចិត្តក៏លោតពីលើអគារជាន់ទី៥ ដែលខ្លួនស្នាក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ៕


