ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន
ប្រាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយឯកជន ទាំងអស់ដែលមានវិទ្យុ និង
ទូរទស្សន៍ជាដើមដែលមានម៉ោងផ្សាយជួលឲ្យគណបក្សនយោបាយ
ជូនដំណឹងពីការលក់ម៉ោង ឬ ការជួលម៉ោងផ្សាយនេះទៅ គ.ជ.ប ដើម្បីមានភាពងាយស្រួលឲ្យ គណបក្សដែលមានបំណងជួលការផ្សាយទំនាក់ទំនង។
តាមសេចក្តីប្រកាស
ព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកម្ពុជាថ្មី
ទទួលបានលើកឡើងថា
ខណៈពេលដែលការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា
ខាងមុខនោះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំជាមួយ
តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និង អ្នកសារព័ត៌មាន
ដើម្បីផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត។
លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប
បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើស
តាំងតំណាងរាស្ត្រនីតិកាលទី៥
នឹងប្រព្រឹត្តទៅរយៈពេល៣០ថ្ងៃដោយចាប់ពីថ្ងៃទី២៧ ខែមិថុនា
ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ នៅអំឡុងពេលឃោសនានេះដែរ គ.ជ.ប
នឹងមានរៀបចំកម្មវិធី
ស្មើភាពដើម្បីឲ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងនៅក្នុង
ការបោះឆ្នោតមានឱកាស
ស្មើៗគ្នាក្នុងការផ្សព្វផ្សាយកម្មវិធីគោលនយោបាយតាមប្រព័ន្ធ
ផ្សព្វផ្សាយរបស់រដ្ឋ។ លោកបានបន្តថា កម្មវិធីទាំងនេះរួមមាន៖
កម្មវិធីតុមូល កម្មវិធីស្ប៉តគណបក្សនយោបាយ និង
កម្មវិធីផ្សព្វផ្សាយគោលនយោបាយតាមព្រឹត្តិបត្រគោលនយោបាយ។
ក្រៅពីកម្មវិធីដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គណបក្សនយោបាយអាចជួលម៉ោងផ្សព្វផ្សាយពីគោលនយោបាយនៃគណបក្សរបស់
ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯកជនបានផងដែរ។
លោក
ម៉ៅ សុភារិទ្ធ បានបញ្ជាក់ទៀតថា ចំពោះវិទ្យុ និង
ទូរទស្សន៍ឯកជនដែលមានបំណង លក់ម៉ោង ឬ
ជួលម៉ោងផ្សព្វផ្សាយក្នុងរយៈពេលឃោសនាបោះឆ្នោត៣០ថ្ងៃនេះទៅអោយ
គណបក្ស នយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត
អ្នកគ្រប់គ្រងស្ថានីយត្រូវប្រកាសជាសាធារណៈ
អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬ
ជួលក្នុងរយៈពេល៣០ថ្ងៃនេះ។
ជាមួយគ្នានោះអ្នកគ្រប់គ្រង់ស្ថានីយត្រូវជូនដំណឹងពីម៉ោងលក់ ឬ
ជួលនោះទៅគ.ជ.ប និង ទៅគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
តាម
លោក ម៉ៅ សុភារិទ្ធ បានបញ្ជាក់ទៀតថា
អ្នកគ្រប់គ្រងស្ថានីយត្រូវជូនដំណឹងនេះឲ្យបាន
១៥ថ្ងៃយ៉ាងតិចមុនថ្ងៃឃោសនាបោះឆ្នោត ហើយការជួល ឬ
លក់ម៉ោងត្រូវផ្អែកទៅតាមគោល ការណ៍ស្មើភាព តម្លៃស្មើៗគ្នា និង
តាមលំដាប់មុខក្រោយ ហើយការលក់ ឬ ជួលម៉ោងផ្សាយដោយ
គណបក្សនយោបាយមិនត្រូវបានអនុញ្ញាតអោយអ្នកគ្រប់គ្រងវិទ្យុ និង
ទូរទស្សន៍ លក់ ឬ ជួលម៉ោង ផ្តាច់មុខឲ្យគណបក្សណាមួយឡើយ៕
កោះកែវ

No comments:
Post a Comment