
សិង្ហបុរីៈ សិង្ហបុរី និងអាមេរិក បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ មានឈ្មោះថា កិច្ចប្រតិបត្តិការ សិង្ហបុរី និងអាមេរិកផ្នែកនាវាដើម្បីការហ្វឹកហាត់ និងត្រៀមខ្លួនដែលហៅកាត់ថា CARAT។ នេះ យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារ ជាតិបានឲ្យដឹង កាលពីថ្ងៃចន្ទ កន្លងទៅនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះបានឲ្យដឹងថា សមយុទ្ធ យោធារវាងប្រទេសទាំងពីរ បានចាប់ផ្តើមជាលើកដំបូងកាលពីឆ្នាំ១៩៩៥ កន្លងទៅនេះ។
យោងតាមរដ្ឋមន្ត្រីការពារជាតិរូបនេះបានលើកឡើងថា ក្នុងសមយុទ្ធយោធាឆ្នាំនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣នេះ នឹងផ្តោតទៅលើការបង្កើន សមត្ថភាពផ្នែកវាយប្រហារ តាមផ្លូវអាកាស តាមផ្លូវសមុទ្រក៏ដូចជា ការធ្វើប្រតិបត្តិការយន្តហោះមុជទឹកផងដែរ។
សូមបញ្ជាក់ថា ក្នុងសមយុទ្ធយោធាឆ្នាំនេះនឹងមានការ ចូលរួមពីសំណាក់ កងនាវាជើងទឹក កងទ័ពជើងអាកាស កងនាវាជើងទឹកសហរដ្ឋអាមេរិក ដែលសរុបចំនួន១.៤០០នាក់ ពីសំណាក់ភាគីទាំងពីរ។ ក្នុងនោះដែរក៏មានការ ចូលរួមពី នាវាចំនួនប្រាំ នាវាមុជទឹក ឧទ្ធភាគចក្រ យន្តហោះចំនួនប្រាំពីរ រួមទាំង នាវាមុជទឹកផ្សេងទៀត របស់សិង្ហបុរីផងដែរ។
ប្រភពដដែលបានបន្តថា ការធ្វើសមយុទ្ធយោធាជើងទឹកទ្វេភាគីនេះ មានគោលបំណងចង់បង្កើននូវសមត្ថភាពចេញប្រតិបត្តិការណ៍រួមគ្នា និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរបស់ប្រទេស សិង្ហបុរី និងអាមេរិក៕


