
នាយករដ្ឋមន្រ្តីបារាំង Jean-Marc Ayrault និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak
REUTERS/Bazuki Muhammad
នៅថ្ងៃចន្ទនេះ ក្នុងទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី
ដែលជាប្រទេសផលិតប្រេងដូងទីពីរក្នុងពិភពលោកនោះ
នាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault
បានបំភ្លឺរដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ អំពីសំណុំរឿងប្រេងដូង
ដែលជាបញ្ហាទាស់ទែងចិត្តរវាងបារាំងនិងម៉ាឡេស៊ី។ លោក
អៃរ៉ូល លើកឡើងថា រដ្ឋាភិបាលបារាំងមិនបានគាំទ្រសំណើ
ដែលដាក់អោយរដ្ឋាភិបាលបារាំងយកពន្ធធ្ងន់ធ្ងរលើផលិតផល
មានប្រើប្រេងដូងនោះទេ។ ដោយឡែក លោកអៃរ៉ូល
ប្រហែលមិនអាចសម្រេចជោគជ័យក្នុងការទាក់ទាញម៉ាឡេស៊ីអោយទិញ
យន្តហោះចំបាំងរបស់ខ្លួននោះទេ
ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថវិកា
ហើយកំពុងត្រូវការកាត់បន្ថយបំណុលសាធារណៈ។
គួររំលឹកថា កន្លងមកនេះ រដ្ឋសភាបារាំងបានពិនិត្យវិសោធនកម្មទាក់ទងនឹងពន្ធប្រេងដូងដែល ស្នើដោយគណបក្សសង្គមនិយម កំពុងកាន់អំណាចនៅបារាំងសព្វថ្ងៃ។ គេគិតថា ប្រេងដូងជាមូលហេតុនាំអោយកើតរោគទឹកនោមផ្អែម និងការកាប់បំផ្លាញព្រៃឈើ។ សមាជិកសភាបារាំងដែលជាអ្នកការពារបរិដ្ឋានជាច្រើនរូប ចង់អោយបារាំងដំឡើងពន្ធលើប្រេងដូងដល់ទៅ ៣០០ ភាគរយ។ ទោះជាបារាំងគ្មានគំរោងដាក់ពិន័យពន្ធលើប្រេងដូងក្តី នាយករដ្ឋមន្ត្រីបារាំងបានរំលឹកឡើងវិញថា ចាប់ពីឆ្នាំក្រោយទៅ អឺរ៉ុបនឹងដាក់បទបញ្ជាដាច់ខាតមួយអោយមានជាផ្លាកបង្ហាញឈ្មោះ ប្រេងនានាដែលមាននៅក្នុងផលិតផល មិនថាប្រេងដូង រឺក៏ប្រេងអ្វីផ្សេងឡើយ។
ដោយឡែក ដូចជាក្នុងទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍មុនដែរ នាយករដ្ឋមន្ត្រីបារាំង បានលើកតំកើងសហគ្រាសធុនតូចនិងធុនមធ្យមបារាំងដែលបោះទីតាំងនៅ ម៉ាឡេស៊ី។ លើសពីនេះ វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្ររដ្ឋបារាំង LFB និងសហគ្រាសឯកជនម៉ាឡេស៊ី Strovi បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបញ្ជូនបច្ចេកទេសផ្នែកផ្លាស្មាឈាម ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣០លានអឺរ៉ូ សម្រាប់រយៈពេល២០ឆ្នាំ។ ក្រៅពីនេះ បារាំងនិងម៉ាឡេស៊ីក៏បានចុះហត្ថលេខាលើពិធីសារ សំរេចអោយមានការបណ្តុះបណ្តាលជនជាតិម៉ាឡេស៊ី ផ្នែកផ្លូវដែក ផ្នែកការពារ ព្រមទាំងផ្លូវអាកាសផងដែរ។ ទោះជាបារាំងខំយកចិត្តម៉ាឡេស៊ីក្តី ម៉ាឡេស៊ីប្រហែលជាមិនទិញយន្តហោះចំបាំងបារាំងនោះទេ ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថិវកា ជាពិសេសនៅពេលនេះ ម៉ាឡេស៊ីកំពុងតែព្យាយាមកាត់បន្ថយបំណុលសាធារណៈ៕
