ខេត្តប៉ៃលិន ៖
សពស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកស្រះ
និងបង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៣ រសៀលថ្ងៃទី១៩ សីហា
នៅខាងជើងផ្លូវជាតិលេខ៥៧ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានធ្វើកោសល្យវិច័យបានឱ្យដឹងថា
ត្រីរូបនេះមានអាយុ
ប្រហែល៤០ឆ្នាំចុះក្រោម
ពាក់អាវយឺតខាងក្នុងពណ៌លឿង អាវរងាក្រៅពណ៌ខៀវ
ស្លៀកខោខូវប៊យពណ៌ខ្មៅ ពាក់ស្បែកជើងសង្រែកពណ៌ផ្កាឈូក
ពាក់ចិញ្ចៀននៅនាងដៃខាងឆ្វេង និងពាក់ក្រវិលកឹបជាប់ត្រចៀក ។
សពមានស្នាមរបួសដោយត្រូវគេកាប់មុត ផុងចូលជ្រៅនៅបណ្តោយថ្ងាស
រយះចិញ្ចើមទាំងសងខាង និងរយះដាច់សាច់ក្រោមចង្កាអស់មួយដុំធំផងដែរ
។
ក្រោយពីធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា
នេះជាករណីឃាតកម្មគិតទុកជាមុន
ដោយជនសង្ស័យប្រើកាំបិតឬពូថៅកាប់ជនរងគ្រោះ
លុះបន្ទាប់ពីស្លាប់ក៏យកទៅបោះចោលនៅក្នុងទឹកស្រះខាងលើ ។
ក្រោយពីប្រទះឃើញសព សមត្ថកិច្ចបានប្រកាសរកបងប្អូនសាច់ញាតិ
តែអត់មានអ្នកណាស្គាល់ ឬមានសមាជិកបាត់ខ្លួនទេ
ទើបសមត្ថកិច្ចយករថយន្តដឹកសព ទៅបូជានៅវត្តរតនសោភ័ណ
ហៅវត្តកោងកាង ។ ទាក់ទិនទៅនឹងករណីឃាតកម្មខាងលើនេះ
នៅព្រឹកថ្ងៃទី២០ សីហា
ខាងសមត្ថកិច្ចចុះទៅស្រាវជ្រាវបន្ថែមទៀតដើម្បីស៊ើបអង្កេត
មើលតម្រុយតាមរកជនដៃដល់ឱ្យឃើញ យកមកផ្តន្ទាទោសតាមច្បាប់ ៕


