ខេត្តឧត្តរមានជ័យ ៖ ដោយឆ្អែតចិត្ត
និងអស់ការអត់ធ្មត់នឹងអំពើហិង្សារបស់ប្តី
បានធ្វើឲ្យស្ត្រីម្នាក់បានយកប្រេងសាំងចំណុះ
១លីត្រចាក់ស្រោចលើខ្លួន រួចដុតខ្លួនឯងទាំងរស់ ទោះជា
បែបណា ក៏ត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ
អន្លង់វែងទាន់ពេល។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ សីហា ស្ថិតនៅក្នុងភូមិថ្នល់កែង
ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ តំ ម៉ាប់ អាយុ២៤ឆ្នាំបានរៀបរាប់ថា
មុនពេលនាងចាប់ចិត្តស្រឡាញ់
ជាមួយនឹងបុរសពោះម៉ាយកូនមួយឈ្មោះវុធ
អាយុ ២៨ ឆ្នាំ រហូតក្លាយទៅជាប្តីប្រពន្ធនោះ
គឺនាងក៏ជាស្ត្រីមេម៉ាយមានកូន២នាក់ផងដែរ
ដែលមានកូនស្រីម្នាក់ ប្រុសម្នាក់។ រូបនាង និងប្តី
មិនបានរៀបការនោះទេ
គ្រាន់តែបានសែនព្រេនផ្សំផ្គុំយកគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាង ១
ឆ្នាំមកហើយ ប៉ុន្តែពុំទាន់មានកូនរួមគ្នានៅឡើយទេ
មានតែកូនរបស់នាងជាមួយប្តីមុន និងរបស់ប្តីជាមួយប្រពន្ធមុន ។
ស្ត្រីរូបនេះបានរៀបរាប់បន្តទៀតថា មុនពេលកើតហេតុនាវេលាម៉ោង
៦ល្ងាចថ្ងៃទី១៩ សីហា ប្តីបានមកពីធ្វើការនៅរោងសិប្បកម្ម
កែច្នៃតុទូកៅអីវិញ ស្រាប់តែរករឿងពីម្ហូបអាហារមិនត្រូវចិត្ត ។
ខណៈនោះនាងក៏បានជជែកគ្នាបន្តិចបន្តួច ស្រាប់តែប្តីរូបនោះបានស្ទុះ
ទៅទាត់ធាក់កូនរបស់គេ (កូនប្រពន្ធមុន)
ដែលទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ ។
នៅពេលឃើញដូច្នេះរូបនាងក៏ស្ទុះទៅលើកកូននោះ
ប៉ុន្តែត្រូវប្តីស្រែកហាមមិនឱ្យ នាងលើកកូនរបស់គេទេ
រួចហើយបានទាញយកកូននោះរហូត មានការប្រវាយប្រតប់គ្នា ។
បន្ទាប់មក ប្តីក៏វេចបង្វេចចាកចេញពីផ្ទះធ្វើឱ្យរូបនាងតូចចិត្ត
ហើយរត់ទៅទិញសាំង១លីត្រមកគំរាមដុតខ្លួនឯង ដោយចង់បញ្ជាក់ថា
បើប្តីអស់ចិត្តពីនាងជាប្រពន្ធហើយ នាងក៏មិនអាចរស់តទៅទៀតដែរ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បុរសជាប្តីនៅតែមិនរវល់នឹងនាងដដែល
បែរជាឌុបកូន និងបង្វេចខោអាវជិះម៉ូតូចេញទៅបាត់ ។
នេះបញ្ជាក់ថាប្តីប្រពន្ធដែលជាបុរសពោះម៉ាយ
និងមេម៉ាយនេះសុទ្ធតែលែងប្តី លែងប្រពន្ធដូចគ្នា
ទីបំផុតក៏បន្តរករឿងលែងលះគ្នាទៀតដែលមានន័យថា
ជីវិតអ្នកទាំងពីរមិនអាចរកសុភមង្គលសម្រាប់ខ្លួនឯងបានឡើយ ៕

