រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល
និងកម្លាំងកងអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួន
កូនប្រុសថៅកែហាងលក់ សម្ភារៈកីឡាយីហោហុងស្ព័រ ដែលមានទីតាំងស្ថិត
នៅផ្ទះលេខ ៣១៨ មហាវិថី ព្រះមុនីវង្ស ក្នុងភូមិទី៧ សង្កាត់ចតុមុខ
ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នេះ
បន្ទាប់ពីមានការផ្ទុះអាវុធចំនួន ១គ្រាប់ កាលពីវេលាម៉ោង ១
និង២៤នាទីយប់រំលងអាធ្រាត្រ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ
ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង
របស់ក្រសួងមហាផ្ទៃ និង
ជាកូនប្រុសរបស់ ថៅកែលក់សម្ភារៈកីឡា បានបង្កការផ្ទុះអាវុធ កាលពីវេលា
ម៉ោង១និង២៤នាទី យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៣ ។ ពេលនោះសមត្ថកិច្ច ខណ្ឌដូនពេញ បានចុះទៅកាន់កន្លែងកើតហេតុ
ប៉ុន្ដែ ធ្វើការយាមកាមនៅទីនោះ រង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ
អមសាលាដំបូងរាជធានីភ្នំពេញ ទើបអាចចូលទៅឆែកឆេរ និងឃាត់ខ្លួនឈ្មោះ
សុខ ឡងឌី ។
រហូតដល់ព្រឹកថ្ងៃទី១៩ ខែសីហា កម្លាំងសមត្ថកិច្ច
ទទួលបានការឯកភាពពីតំណាងអយ្យការ ក៏បានចុះទៅឃាត់ខ្លួន ជនបង្កឈ្មោះ សុខ
ឡងឌី បញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញដើម្បីសួរនាំបន្ដទៀត
ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់ ។ ការផ្ទុះអាវុធ១គ្រាប់នេះ
គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើល មិនបណ្ដាលឱ្យនរណាម្នាក់ រងគ្រោះ
ថ្នាក់នោះទេ ហើយគេសង្ស័យថាឈ្មោះ សុខ ឡងឌី ដែលទើបត្រឡប់មក
ពីចូលរួមពិធីខួប កំណើតមិត្ដភ័ក្ដិ ស្រវឹងខ្លាំងពេក
ក៏មានការផ្ទុះអាវុធតែម្តង៕


