ខេត្តបាត់ដំបង ៖ ភាពអនាធិបតេយ្យនៃការ
ដឹកជញ្ជូនឈើគ្រញូងខុសច្បាប់
ចេញពីច្រកព្រំដែនកម្ពុជា-ថៃ នៅចំណុចស្រុកសំពៅលូន
ស្រុកភ្នំព្រឹក និងស្រុកម៉ាឡៃ មិនបានថមថយនោះទេព្រោះ
ឈ្មួញធំៗប្រចាំខេត្តបាត់ដំបង ដូចជាឈ្មោះ ហេង ហៅម៉ាង
និងឈ្មោះ ហេង តុលា បានសម្រុកដឹកជញ្ជូនឈើខុសច្បាប់
ពីចំណុចច្រកព្រំដែនយកមកស្តុកទុក នៅក្នុងឃ្លាំងដ៏ធំមួយកន្លែង
នៅកណ្តាលក្រុងបាត់ដំបង ហើយបន្តយកមកស្តុកទុក នៅស្រុកមោងប្ញស្សី
ដើម្បីបន្តដឹកជញ្ជូនតាមផ្លូវជាតិលេខ៥ ចេញទៅលក់នៅប្រទេសវៀតណាម
យ៉ាងអនាធិបតេយ្យបំផុត។
ជាធម្មតាឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា បានពឹងអាស្រ័យឲ្យលោក
វាសនា ជាមន្ត្រី
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយរត់ការសម្របសម្រួល
សម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ របស់ពួកគេឆ្លងកាត់ផ្លូវជាតិលេខ៥
សឹងតែផ្តាច់មុខទៅហើយ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ
មានរថយន្តដឹកឈើគ្រប់ធុន បានក្រឡាប់ធ្លាក់ផ្លូវ
ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាច្រើនករណី
គឺភាគច្រើនសុទ្ធតែជាឈើរបស់ឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា
ដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយរត់ការបង់លុយឲ្យមន្ត្រីជំនាញ
និងសមត្ថកិច្ចពាក់ព័ន្ធ ហើយប្រសិនបើរថយន្តដឹកឈើ របស់ឈ្មោះ ហេង
ហៅម៉ាង និងឈ្មោះ ហេង តុលា មិនខូចឬក្រឡាប់តាមផ្លូវទេនោះ
គឺគ្មាននរណាហ៊ានប៉ះពាល់ទេ។
សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង
តុលា ដែលជាមេឈ្មួញដ៏មានឥទ្ធិពល ប្រចាំខេត្តបាត់ដំបង
មានសមត្ថកិច្ចមួយចំនួន ជួយសម្របសម្រួលរត់ការតាំងពីចំណុចព្រំដែន
រហូតដល់ក្រុងបាត់ដំបង និងស្រុកមោងប្ញស្សី
គេមិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់
បង្ក្រាបម្តងណាឡើយ។ ពេលខ្លះមន្ត្រីមួយចំនួន បានចាត់ទុកថាសកម្មភាព
ដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា
កាន់តែកក្រើក ពួកគេកាន់តែសើមមាត់ អាចប្រមូលផលប្រយោជន៍
យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន
និងទុកសម្រាប់អភិវឌ្ឍន៍មុខតំណែងដោយមិនខ្វល់ខ្វាយ
ពីបទបញ្ជារបស់ថ្នាក់លើម្តងណាឡើយ។
ការដឹកជញ្ជូនឈើគ្រញូង និងឈើប្រណីតចូលពីស្រុកថៃ
តាមច្រកព្រំដែននៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកម៉ាឡៃ
អាចដំណើរការដោយរលូនល្អ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង
ក៏មិនអាចរំខានដល់សកម្មភាព រកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ ហេង
ហៅម៉ាង និងឈ្មោះ ហេង តុលា នោះដែរ ហើយមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ
បានជួយសម្របសម្រួលឲ្យឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា
ដឹកជញ្ជូនឈើយកមកស្តុកទុក នៅក្នុងឃ្លាំងដ៏ធំមួយកន្លែង
នៅកណ្តាលក្រុងបាត់ដំបង រួចបន្តនាំយកមកស្តុកទុក នៅក្នុងឃ្លាំងចំនួន
២កន្លែងទៀត ក្នុងស្រុកមោងប្ញស្សី
ដែលឃ្លាំងស្តុកឈើគ្រញូងខុសច្បាប់របស់ឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ
ហេង តុលា មានការយាមកាមយ៉ាងតឹងរ៉ឹង។
យ៉ាងណាក៏ដោយលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តបាត់ដំបង
ហាក់ដូចជាត្រូវដៃត្រូវជើងជាមួយឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា
ទើបមិនដែលចាត់វិធានការ បង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់
របស់ឈ្មួញធំៗទាំង២នាក់នេះ ឲ្យស្របតាមបទបញ្ជារបស់
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងណាឡើយ
បើទោះបីជាក្រុមឈ្មួញដឹកជញ្ជូនឈើ
ឆ្លងកាត់មុខសាលាខេត្តបាត់ដំបងសឹងខូងផ្លូវ ទៅហើយក៏ដោយ។
រៀងរាល់ការដឹកជញ្ជូនឈើម្តងៗ គេរៀបចំកញ្ចប់លុយសម្រាប់បែងចែក
ជូនមន្ត្រីនគរបាលសេដ្ឋកិច្ច កងរាជអាវុធហត្ថ តាមស្នាក់ការសន្តិសុខ
មិនដែលរំលងប៉ុស្តិ៍ណាមួយឡើយ ដើម្បីកុំឲ្យការដឹកជញ្ជូនឈើ
របស់ពួកគេជួបឧបសគ្គ។
ជារៀងរាល់យប់មានរថយន្តទំនើបៗ ដឹកជញ្ជូនឈើគ្រញូងខុសច្បាប់
ឆ្លងកាត់ផ្លូវជាតិលេខ៥ ដូចគេហែខ្មោចមិនតិចជាង ២០គ្រឿងនោះទេ
ប៉ុន្តែមិនដែលមានការបង្ក្រាប ម្តងណាឡើយ
ក៏ព្រោះតែមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវពុករលួយទទួលបាន
ផលប្រយោជន៍គ្រប់ៗគ្នា។ អាចបញ្ជាក់បានថា ការរកស៊ីដឹកជញ្ជូនឈើ
ខុសច្បាប់របស់ឈ្មោះ ហេង ហៅម៉ាង និងឈ្មោះ ហេង តុលា
ឡើងដុះស្លែទៅហើយតាមផ្លូវជាតិលេខ៥ មានភាពរលូនល្អ
មិនដែលមានការបង្ក្រាប លើកលែងតែរថយន្តដឹកឈើត្រូវក្រឡាប់
ឬខូចតាមផ្លូវ ទើបសមត្ថកិច្ចអូសយកទៅ
បំពេញបែបបទយកស្នាដៃបង្អួតថ្នាក់លើ។
លោករដ្ឋមន្ត្រី ច័ន្ទ សារុន ជាអ្នកទទួលខុសត្រូវធំបំផុត
ចំពោះភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញព្រៃឈើក៏ដូចជាការ
ដឹកជញ្ជូនឈើខុសច្បាប់ គួរតែពិនិត្យឡើងវិញពីភាពអសកម្ម
និងអំពើពុករលួយរបស់មន្ត្រីនិងសមត្ថកិច្ច ដែលឃុបឃិតឲ្យឈ្មោះ ហេង
ហៅម៉ាង និងឈ្មោះ ហេង តុលា រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឡើងវិញផង
ដែលយ៉ាងហោចណាស់ដើម្បីបង្ហាញ
ពីការយកចិត្តទុកដាក់អនុវត្តន៍បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការបង្ការបង្ក្រាបនិងទប់ស្កាត់
ការដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតមាន យ៉ាងអនាធិបតេយ្យ៕

