- Monday, 12 August 2013 16:58
- សុខ ធារ៉ា
លទ្ធផលបឋមនៃការបោះឆ្នោតដែលនឹងក្លាយជាលទ្ធផលផ្លូវការនេះ ត្រូវបានគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ជាការប្រកាសឡើង ខណៈដែលភាពមិនប្រក្រតីនៃការបោះឆ្នោតមិនត្រូវបានដោះស្រាយអោយបាន ម៉ត់ចត់នោះ។
ក្រៅពីការប្រកាសច្រានចោលលទ្ធផលបឋមនេះហើយ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ រួមជាមួយលោកយឹម សុវណ្ណ និងលោកសុន ឆៃ បានធ្វើសន្និសីទកាសែតមួយទៀត នៅឯទីស្នាក់ការគណបក្សនេះស្ថិតនៅក្នុងខណ្ឌទួលគោក ដោយបានសំដែងការសោកស្តាយចំពោះការប្រកាសលទ្ធផលដែលមានសភាពបន្ទាន់ នេះ។
លោកកឹម សុខា ក៍បានហៅការប្រកាសលទ្ធផលនេះថា ជាការផ្តាច់ស្ពានចរចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការផ្តាច់ស្ពានចរចារនេះគឺលោកកឹម សុខា ចង់សំដៅទៅលើការជួបចរចាររវាងមន្ត្រីមកពីគណបក្សទាំងពីរកាលពីថ្ងៃ ទី៩ ខែសីហាកន្លងទៅនៅឯមន្ទីររដ្ឋសភា។
ដែលលោកកឹម សុខា បានហៅជំនួបនោះថា ជាការវិវត្តន៍ដ៍ល្អមួយ ប៉ុន្តែថាភ្លាមៗនេះ គ.ជ.ប បែរជាផ្តាច់ស្ពាននេះទៅវិញ។ លោកកឹម សុខា ក៍បានជំរុញអោយ គ.ជ.ប ត្រូវទទួលខុសត្រូវចំពោះការកើនឡើងនៃកំដៅនយោបាយ រឺចលនានៃការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ដែលកើតឡើងនៅក្រោយពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតនេះដែរ។
សំលេងៈ
ក្រៅពីការច្រានចោលលទ្ធផលនេះលោកកឹម សុខា ក៍បានអំពាវនាវទៅសហគមន៍អន្តរជាតិកុំអោយទទួលស្គាល់លទ្ធផលនៃ ការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះដែរ។
ឆ្លើយតបនឹងការលើកឡើងនេះលោកខៀវ កាញារិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះក៍បានចេញមុខធ្វើ សន្និសីទកាសែតមួយដែរដោយបានបញ្ជាក់ពីជ័យជំនះរបស់គណបក្សប្រជាជន កម្ពុជា។
បើតាមលទ្ធផលបឋមគណបក្សប្រជាជនកម្ពុជាទទួលបានជាង ៣លាន ២សែនសំលេង ដែលស្មើនឹង៦៨អាសៈនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបានជាង២លាន៩សែនសំលេងដែលស្មើនឹង ៥៥អាសនៈ។ សំលេងឆ្នោត នេះបង្ហាញថា គណបក្សប្រជាជនកម្ពុជាមានសំលេងលើសគណបក្សសង្គ្រោះជាតិតែជាង២សែន សំលេងប៉ុណ្ណោះ។
បើតាមលទ្ធផលនេះ ពិតណាស់គណបក្សប្រជាជនកម្ពុជានឹងដឹកនាំរដ្ឋាភិបាលសំរាប់អាណត្តិទី ៥នេះ។ ជាមួយគ្នានេះដែរលោកខៀវ កាញារិទ្ធិ ក៍បានជំរុញអោយគណបក្សសង្គ្រោះជាតិ បង្ហាញភស្តុតាងនៃភាពមិនប្រក្រតីដែលគណបក្សនេះបានចោទប្រកាន់ផងដែរ។
សំលេងៈ
យ៉ាងណាក៍ដោយនៅក្នុងសន្និសីទកាសែតកាលពីព្រឹកម៉ិញ លោកកឹម សុខា មិនបានប្រកាសអំពីគម្រោងធ្វើមហាបាតុកម្មណាមួយនៅឡើយទេ។ លោកកឹម សុខា ក៏បាននិយាយដែរថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងវិលត្រឡប់មកកម្ពុជាវិញនៅក្នុងសប្តាហ៍នេះ ប៉ុន្តែលោកមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕(ដោយៈវ៉ា សំណព្វ)

