ដោយ ខែ សុណង
2013-08-27
2013-08-27
លោកបណ្ឌិត ច័ន្ទ រ័ត្ន បានបន្តថា ការប្រឡងនេះមានគោលដៅធំ គឺចង់ជ្រើសរើសសិស្សដែលមានសមត្ថភាពពិតប្រាកដ សាកលវិទ្យាល័យខេមរៈនឹងផ្ដល់អាហារូបករណ៍ដល់សិស្សរៀន ៤ឆ្នាំ និងស្វែងរកអាហារូបករណ៍ឲ្យរៀននៅក្រៅប្រទេសទៀតផង៖ «កាលណាសិស្ស ហ្នឹងជាប់វាស់ស្ទង់សមត្ថភាពអន្តរជាតិហ្នឹង គឺបានទទួលសញ្ញាបត្រដែលចេញដោយវិទ្យាស្ថានគណិតវិទ្យាជប៉ុន ហើយសញ្ញាបត្រហ្នឹងទទួលស្គាល់ជាអន្តរជាតិ ហើយវាជាឯកសារយោង១ ដែលមានទម្ងន់ទៅលើសំណុំលិខិតដែលគាត់សុំអាហារូបករណ៍ទៅសិក្សានៅ បរទេស។ គាត់មានអាទិភាពបច្ចុប្បន្ននិងពេលអនាគតអ្នកវិនិយោគបរទេស ដូចជា ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិកអីដែលគេមកវិនិយោគនៅស្រុកខ្មែរ គឺគេចង់ជ្រើសរើសបុគ្គលិកដែលមានភាពឈ្លាសវៃក្នុងការដឹកនាំក្នុង ការងារគ្រប់គ្រងដោះស្រាយបញ្ហា។ សមត្ថភាពឈ្លាសវៃហ្នឹង គឺគណិតវិទ្យាវាជាមាត្រដ្ឋានសម្រាប់វាស់សមត្ថភាពហ្នឹង»។
ជារៀងរាល់ឆ្នាំដែលក្រុមគណិតវិទ្យានៃវិទ្យាស្ថានគណិតវិទ្យាជប៉ុន និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យា ដែលមានសិស្សនិងនិស្សិតចូលរួមប្រឡងចន្លោះពី ២០០នាក់ ទៅ ២២០នាក់។ ការប្រឡងនេះជាលើកទី៥ហើយ។ លោកថា ព័ត៌មានបន្ថែមអាចចុះឈ្មោះនៅការិយាល័យព័ត៌មាននៃសាកលវិទ្យាល័យខេមរៈ ភ្នំពេញ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែសីហា។
លោកបណ្ឌិត ច័ន្ទ រ័ត្ន បានថ្លែងទៀតថា គោលដៅរបស់ក្រុមលោក គឺចង់ឲ្យថ្ងៃមុខគឺថ្ងៃទី៣០ ខែកញ្ញា ក្លាយជាទិវាជាតិក្នុងការវាស់ស្ទង់គណិតវិទ្យានៅកម្ពុជា ពីព្រោះមុខវិជ្ជាគណិតវិទ្យានេះមានសារសំខាន់ណាស់ដែលមិនអាចខ្វះ បាន៕
