កំពង់ធំ
៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញកំរិតទឹកស្ទឹងសែន
បានឡើងបន្តិចម្តងៗ
ជិតពេញស្ទឹងដែលជាហេតុធ្វើឲ្យប្រធានផ្សារកំពង់ធំ
និងអាជីវករផ្សារ មានសេចក្តីត្រេកអរយ៉ាងខ្លាំង
ដោយសារតែពួកគេសប្បាយចិត្ត មិនចាំបាច់នឿយហត់
នាំយកសំរាមទៅបោះចោលនៅទីណាគឺបោះចោលចូលក្នុងទឹកស្ទឹងសែនតែម្តង។
ជាក់ស្តែង
កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នៅតាមមាត់ស្ទឹងសែន
ចំណុចផ្សារចាស់ គេសង្កេតឃើញ សំរាមអណ្តែតត្រៀបត្រាពេញផ្ទៃទឹក
មានទាំងសំរាមសើម និងសំរាមស្ងួត រួមជាមួយនឹងទឹកស្អុយដែលបង្ហូរ
ចូលស្ទឹងសែន ដែលបញ្ហាទាំងនេះបណ្ដាលមកពីអាជ្ញាធរខេត្តកំពង់ធំ
ពុំមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់
លុបបំបាត់បញ្ហាការចោលសំរាម សូម្បីតែសំរាម នៅក្រោយផ្សារកំពង់ធំ
ត្រង់ចំណុចព្រហ្មមុខបួន ផ្លូវមួយខ្សែត្រូវបាន លោកប្រធានផ្សារ
រឹបអូសយកទាំងស្រុងដើម្បីរក្សាទុកជាឃ្លាំងសំរាម។
ក្នុង
នោះដែរ មហាជនទូទៅ បានរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើម្ចាស់ផ្សារកំពង់ធំ
ក៏ដូចជាអាជីវករផ្សារ ដែលបាន នាំយកនូវកម្ទេចកំទី និងកាកសំណល់សំរាម
ព្រមទាំងទឹកខ្វក់ ចាក់ចូលក្នុងទឹកស្ទឹងសែន បណ្តាលឲ្យបាត់បង់នូវ
អនាម័យ សណ្ដាប់ធ្នាប់ និងប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើបរិស្ថានសង្គម។
អាជីវករផ្សារកំពង់ធំម្នាក់បានរៀបរាប់ថា ប្រធានផ្សារកំពង់ធំ
បានយកភាស៊ីផ្សាពីពួកគាត់ ជារៀងរាល់ថ្ងៃ
ហើយថែមទាំងយកលើសសៀវភៅបន្ទុកទៀតផង តែមិនដែលឃើញមានសំអាតបរិស្ថាន
អនាម័យនោះទេ។ ជាក់ស្តែងនៅពេលនេះទឹកស្ទឹងឡើងពេញ
អ្នកចោលសំរាមបានច្រកសំរាមចូលក្នុងថង់
ហើយបោះចោលចូលទៅក្នុងទឹកស្ទឹង រួចក៏រសាត់បាត់ទៅ។ ចំណែកបរិស្ថាន
ខេត្តកំពង់ធំ បានត្រឹមតែមកអើតឡឺមៗ ហើយក៏ទៅបាត់តាមទម្លាប់
ដោយគ្មានវិធានការ ជាហេតុបណ្ដាល ឲ្យស្នោ និងសំរាមអណ្ដែតត្រៀបត្រា
ពេញផ្ទៃទឹកស្ទឹងសែន៕
ប៊ុន រដ្ឋា
