ដោយ ព្រំ សឿន សូលីណា
តំបន់ចុងភាគខាងកើតរុស្ស៊ីបានរងគ្រោះដោយទឹកជំនន់ អស់រយៈពេលជិតមួយខែមកហើយ ដោយសារតែភ្លៀងធំ និងការជន់លិចពីទន្លេអាមួ ដែលជាទន្លេធំបំផុតនៅតំបន់ស៊ីបេរី និងពីដៃទន្លេអាមួ ដែលមានឈ្មោះថា ហ្សីយ៉ា។ តំបន់រងគ្រោះទាំងនេះ គឺតំបន់អាមួ និងខាបារ៉ូវស្កឺ។ នៅទីនោះ អាជ្ញាធរបានជន្លៀសមនុស្សជាង ១ម៉ឺន៧ពាន់នាក់ ហើយ ហើយចំនួនជនភៀសខ្លួនប្រហែលអាចកើនដល់១សែននាក់។ទឹកបានជន់លិចភូមិធំៗចំនួន១២១ និងត្របាក់ផ្ទះអស់៥ពាន់បីរយខ្នង។ អគ្គិសនីត្រូវកាត់ផ្តាច់ ហើយផ្លូវថ្នល់និងស្ពានជាច្រើនបានរងខូចខាត។ ទោះយ៉ាងនេះក្តី យោងតាមប្រធានាធិបតីពូទីន អាជ្ញាធរមានសមត្ថភាពគ្រប់គ្រងស្ថានភាពទឹកជំនន់បាន។ ប្រធានាធិបតីរុស្ស៊ី បានសុំអោយថ្នាក់ដឹកនាំតំបន់រងគ្រោះទាំងនោះ ធ្វើយ៉ាងណាចៀសវាង កុំអោយមានមនុស្សស្លាប់។ លោកពូទីនបានសន្យានឹងជួសជុល សាងសង់ការខូចខាតនៅតំបន់រងគ្រោះឡើងវិញ។
លោក វិចទរ អ៊ីសាអេវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរុស្ស៊ី បានចុះជួបប្រជាជននៅតំបន់រងគ្រោះ ហើយបានប្រាប់ពួកគេថា លោកមានបំណងអោយការងារសង្គ្រោះមនុស្ស និងការជួសជុលសាងសង់ សំរេចអោយបានចប់សព្វគ្រប់ក្នុងដំណាច់ខែសីហានេះ ដើម្បីអោយសិស្សសាលាបានចូលរៀនទាន់ពេលវេលា។
គួររំលឹកថា កាលពីឆ្នាំ២០១២ រុស្ស៊ីបានរងគ្រោះដោយទឹកជំនន់ជាច្រើន ក្នុងកំឡុងពេលដូចគ្នានេះដែរ នៅភាគនិរតីប្រទេស។ នៅទីនោះ ទឹកជំនន់បានសម្លាប់មនុស្ស១៧២នាក់៕
