កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកស្រី កាថឺរីន អាស្ហតុន ប្រមុខការទូតអឺរ៉ុប និងជាតំណាងប្រទេសចំនួន៦ ដែលត្រូវពិភាក្សាសំណុំរឿងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បានទូរសព្ទទៅប្រមុខការទូតថ្មីអ៊ីរ៉ង់ លោក មហាម៉ាដ សារីហ្វ Mohammad Zarif ដើម្បីអបអរសាទរពីតំណែងការទូតរបស់លោក និងគូសបញ្ជាក់ពីគោលជំហររបស់លោកស្រី ក្នុងការស្វែងរកដំណោះស្រាយការទូតជាមួយអ៊ីរ៉ង់ ទាក់ទងនឹងសំណុំរឿងនុយក្លេអ៊ែរ។ លោកស្រីចង់អោយការពិភាក្សាមានលក្ខណៈរលូន និងផ្តល់លទ្ធផលជាក់ស្តែង។
ប្រមុខការទូតថ្មីអ៊ីរ៉ង់ក៏បានឆ្លើយប្រាប់លោកស្រីវិញថា អ៊ីរ៉ង់ត្រៀមខ្លួនស្រេចបាច់ហើយ ដើម្បីចរចាជាមួយមហាប្រទេសទាំង៦ឡើងវិញ ស្របតាមប្រក្រតិទិនច្បាស់លាស់មួយ។ ប្រទេសមហាអំណាច
ទាំង៦ដែលត្រូវចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ មានអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងប្រទេសមួយទៀតនោះ គឺអាល្លឺម៉ង់។ លោក Zarif បានលើកឡើងថា បំណងនយោបាយជាក់លាក់របស់បណ្តាប្រទេសទាំងនេះ ដើម្បីទទួលស្គាល់ពីសិទ្ធិនុយក្លេអ៊ែរស្របច្បាប់របស់អ៊ីរ៉ង់ គឺជាច្រកដ៏ប្រសើរក្នុងការដោះស្រាយសំណុំរឿងនុយក្លេអ៊ែរ។
គួររំលឹកឡើងវិញថា បណ្តាបស្ចិមប្រទេសតែងសង្ស័យថាអ៊ីរ៉ង់ប្រើប្រាស់កម្មវិធី នុយក្លេអ៊ែរស៊ីវិលខ្លួន ដើម្បីបិទបាំងការផលិតអាវុធបរមាណូ។ អ៊ីរ៉ង់បានបដិសេធដោយតបតវិញថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ធ្វើឡើងក្នុងបែបផែនសន្តិភាពតែប៉ុណ្ណោះ។
ដោយឡែក នៅថ្ងៃសៅរ៍ម្សិលមិញ អ៊ីរ៉ង់បានប្រាប់ថា ខ្លួនមានឧបករណ៍ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ប្រមាណ១ម៉ឺន៨ពាន់គ្រឿង ក្នុងនោះឧបករណ៍ជាង១ម៉ឺនកំពុងដំណើរការ។ ការប្រកាសនេះ គឺស្របទៅតាមការបង្ហាញក្នុងរបាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ កាលពីខែឧសភា កន្លងទៅ៕
