
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅទីស្នាក់ការរបស់បក្សតែម្តង ស្ថិតនៅ
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យលោក សម រង្ស៊ី បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាស្តីពី ដំណោះស្រាយបច្ចេកទេស ចំពោះភាព មិនប្រក្រតី នៃការបោះឆ្នោត ដោយគណបក្សសង្គ្រោះជាតិ (CNRP) បានងាកទៅរកការចរចា ដោយសន្តិវិធីជាមួយ គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងគោលបំណងរក្សាសន្តិភាព ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីឲ្យពួកគេជៀសផុត ពីការភ័យខ្លាច។
លោក សម រង្ស៊ី បានមានប្រសាសន៍បន្តថា “យើងសូមអំពាវនាវយ៉ាងទទូច ឲ្យមានដំណោះស្រាយទៅ យើងមានមូលដ្ឋានជជែកហើយ យើងជជែកលើមូលដ្ឋានហ្នឹងទៅ យើងនឹងរកដំណោះស្រាយ ជាមួយភាគីម្ខាងទៀត ជាមួយគណបក្ស ប្រជាជនដើម្បីធ្វើយ៉ាងណាបញ្ជៀសបាតុកម្ម” ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ីបាន អះអាងថា មិនទាន់មានការធ្វើបាតុកម្ម ជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃណាមួយឲ្យច្បាស់ ពិតប្រាកដទេ ព្រោះមិនទាន់បានជួបចរចា ពិភាក្សាគ្នាឲ្យស្រួលដើម្បី រកវិធីត្រជាក់ជាមួយគ្នា។ លោកបានមានប្រសាសន៍បន្តទៀតថា នៅក្នុងសិក្ខាសាលានេះ ក៏ជាការបញ្ជូនសារទៅ គណបក្សប្រជាជនកម្ពុជា ដោយមានអង្គការជាតិ-អន្តរជាតិ ធ្វើជាសាក្សី។
ជាមួយគ្នានេះ ទាំងអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកវិភាគនយោបាយ ជាច្រើនក៏បានជំរុញ ឲ្យគណបក្ស ទាំងពីរវិលរកតុចរចា ពិភាក្សាជាមួយគ្នាផងដែរ ជៀសវាងការធ្វើបាតុកម្ម ដែលអាចនឹងរុញធ្លាក់ ការប្រើអំពើហិង្សា ដាក់គ្នា នាំឱ្យមានមហន្តរាយដល់ប្រទេសជាតិ ដែលទើបតែមានសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨ បន្ទាប់ពីបញ្ចប់ អង្គការចាត់តាំងរបស់ខ្មែរក្រហម៕
