តាម
សេចក្តីថ្លែងការណ៍រួមរបស់បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត
បានលើកយកការអង្កេតការណ៍របស់អង្គការខុមហ្រ្វែល និចហ្វិច
និងសមាជិកអង្គការដទៃទៀតបានរកឃើញថា មានភាពមិនប្រក្រតីច្រើនជាងមួយម៉ឺនមួយពាន់។ ហើយតាមការសិក្សាស្រាវជ្រាវរបស់ខុមហ្រ្វែលទៅអ្នកមានសិទ្ធិ បោះឆ្នោតដែលគ្មានស្នាមទឹកខ្មៅនៅលើចង្អុលដៃ បង្ហាញថា ៤៨% បានទៅដល់ការិយាល័យបោះឆ្នោត ប៉ុន្តែពួកគាត់មិនបានបោះឆ្នោត ដោយសារកឈ្មោះ ឬរកការិយាល័យបោះឆ្នោតមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ក្នុងការបោះឆ្នោត និងខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោតជាដើម។
បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ក៏បានលើកយកការអង្កេតរបស់អង្គការតម្លាភាពកម្ពុជា និងសម្ព័ន្ធដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម មកនិយាយផងដែរ ដោយពួកគេបានរកឃើញថា ៦០% នៃការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែមិនអាចរកឈ្មោះឃើញក្នុងបញ្ជីបោះឆ្នោតឡើយ។
ក្រៅពីនេះមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅខេត្តកណ្តាល ដូចជាការិយាល័យបោះឆ្នោតលេខ ១២០៤ នៅឃុំស្អាងភ្នំ ស្រុកស្អាង ត្រូវបិទមុនពេលកំណត់ ការិយាល័យចំនួន៨នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅគ្មានរបាយការណ៍លទ្ធផលបោះឆ្នោតទម្រង់ ១១០៨ ព្រមទាំងការប្រែប្រួលចំនួនសន្លឹកឆ្នោតមិនបានការ និងសំឡេងឆ្នោតគណបក្ស។
ជាមួយគ្នានេះបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលជាក្រុមអង្គការ សមាគមមិនមែនរដ្ឋាភិបាល ក៏បានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ពិនិត្យការបោះឆ្នោតឡើងវិញនៅការិយាល័យ ១២០៤ និងរាប់សន្លឹកឆ្នោតឡើងវិញនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ព្រមទាំងស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សនយោបាយសំខាន់ៗ យកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទបោះឆ្នោតតាមរយៈការសិក្សា ស្រាវជ្រាវ ការអង្កេត ដោយមានការស្រុះស្រួលគ្នាប្រកបដោយតម្លាភាព៕
