នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ក្នុង​ចំណោម​យុវជន​ខ្មែរ​ ដែល​និយម​ប្រឡូក​នឹង​ការ​រួមភេទ​ ជាមួយ​ដៃ​គូ​ច្រើន។ យុវជន​ខ្លះ​យល់​ថា​ ការ​ប្រើ​ស្រោម​តែ​មួយ​ជាន់​គឺ​មាន​សុវត្ថិភាព​ណាស់​ទៅ​ហើយ​ តែ​យុវជន​ខ្លះ​បែរ​ជា​យល់​ថា​ ការ​ប្រើ​ប្រាស់​មួយ​ជាន់​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ប្រើ​ស្រោម​ច្រើន​ជាន់​ សុវត្ថិភាព​កាន់​តែ​ខ្ពស់។

យុវជន​ ឆេង​ វិច្ឆិកា​ អាយុ​២៥ឆ្នាំ​ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ បាន​​ឲ្យ​ដឹង​ថា​​៖ “​បើ​តាម​បទ​ពិសោធន៍​ខ្ញុំ​កន្លង​មក​ ខ្ញុំ​គិត​ថា​ប្រើ​តែ​មួយ​ជាន់​ទៅ​បាន​ហើយ​ វា​គ្មាន​ទៅ​កើត​អី​ទេ​ ប៉ុណ្ណឹង​
សុវត្ថិភាព​ណាស់​ទៅ​ហើយ។ តាំង​ពី​ខ្ញុំ​ប្រឡូក​រឿង​រួម​ភេទ​មក​ មិន​ដែល​ប្រើ​ស្រោម​ពីរ​ ឬ​បី​ជាន់​ដូច​គេ​ទេ”។
វិច្ឆិកា បាន​បន្ថែម​ឲ្យ​ដឹង​​ទៀត​ថា៖​ “បើ​តាម​ខ្ញុំ​ដឹង​ ដូច​ជា​គ្មាន​ការ​ណែនាំ​ណា​ឲ្យ​ប្រើ​ប្រាស់​ពីរ​ ឬបី​ជាន់​អីចឹង​ទេ”។
មាន​ទស្សនៈ​មិន​ខុស​ពី​យុវជន​ខាង​លើ​ យុវជន​ ម៉េងឡុង​ ជា​អ្នក​ថត​រូប​សំអាង​ការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ” អ្នក​ខ្លះ​យល់​ថា​ ប្រើ​ពីរ​បី​ជាន់​ទើប​សុវត្ថិភាព​ តែ​ខ្ញុំ​មិន​គិត​អីចឹង​ទេ។ ប្រើ​តែ​មួយ​ទៅ​វា​គ្រប់​គ្រាន់​ហើយ។​ ខ្ញុំ​យល់​ថា​ ប្រើ​ច្រើន​ជាន់​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ​ ព្រោះ​វា​អាច​ចូល​ខ្យល់​ ឬ​ផ្ទុះ​រហែក​បាន”។
ទោះ​បី​ជា​យ៉ាង​ណា​ សម្រាប់​យុវជន​ កុសល​ អាយុ​២៧​ឆ្នាំ​ ជា​ជាង​ជួស​ជុល​រថយន្ត​បាន​និយាយ​ថា៖ ” ពេល​រួម​ភេទ​នៅ​ខាង​ក្រៅ​ម្ដង​ៗ​ ខ្ញុំ​ខ្លាច​ឆ្លង​រោគ​ណាស់​ ហេតុ​នេះ​ហើយ​ខ្ញុំ​តែង​តែ​ពាក់​ស្រោម​ពីរ​ជាន់​រាល់​ពេល​ប្រតិបត្តិ​ការ​លើ ​គ្រែ។​ ណា​មួយ​ប្រើ​ច្រើន​ជាន់​ វា​សុវត្ថិភាព​ជាង​មួយ​ជាន់​ បើ​បែក​មួយ​ជាន់​ក៏​នៅ​មួយ​ជាន់​ទៀត​ដែរ​”។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ លោក ម៉ៅ វណ្ណៈ ​ប្រធាន​​បណ្ដុះ​បណ្ដាល​នៃ​គ្លីនិករ៉ាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “យល់​ល្អ​ គួរ​ប្រើ​ប្រាស់​ស្រោម​តែ​មួយ​ជាន់​ គឺ​វា​គ្រប់​គ្រាន់​សម្រាប់​ការ​ពារ​ជំងឺ​កាម​រោគ​ ជំងឺ​អេដស៍​ ​និង ​ការ​មាន​ផ្ទៃ​ពោះ​បាន​ហើយ​នៅ​ពេល​រួម​ភេទ​ កត្តា​ដែល​សំខាន់​នោះ​គឺ​ត្រូវ​ចេះ​ជ្រើស​រើស​ស្រោម​ណា​ដែល​សុវត្ថិភាព​ ជៀស​វាង​ប្រើ​​ស្រោម​ណា​ដែល​ខូច​គុណ​ភាព ឬ​ទុក​ចោល​យូរ”។
អ្នក​ជំនាញ​ដដែល​រូប​នេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​៖ “ចំពោះ​ការ​ប្រើ​ប្រាស់​ស្រោម​ច្រើន​ជាន់​ក្នុង​ការ​រួម​ភេទ​វិញ​ ស្ដាប់​ទៅ​ហាក់​ដូច​ជា​មាន​សុវត្ថិភាព​ណាស់​ ប៉ុន្តែ​តាម​ការ​ពិត​គឺ​ជា​ការ​យល់​ខុស​ទាំង​ស្រុង។​  ការ​ប្រើ​ស្រោម​ពីរ​ជាន់​អាច​ជា​បញ្ហា​ប្រឈម​ទៅ​វិញ​ ព្រោះ​ពេល​កំពុង​ដំណើរ​ការ​អាច​បណ្ដាល​ឲ្យ​មាន​ការ​កកិត​គ្នា​រវាង​ស្រោម​ និង​ស្រោម​​ ធ្វើ​ឲ្យ​បែក​​បាន​ តែ​បើ​ប្រើ​មួយ​ជាន់​វិញ​គឺ​មិន​ងាយ​កកិត​បែក​ទេ”។
ចុះ​មាន​មិត្ត​យុវវ័យ​ណា​នៅ​យល់​ច្រឡំ​នៅ​ឡើយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ស្រោម​នេះ​ទៀត​ទេ?
អត្ថបទ៖ យិន​ សំបូរ
រូប​ថត៖​ abovethelaw