អាស៊ីសេរី · Sunday, 04 August 2013 19:02:00 Share to: Facebook · Google+ · Tweet
សហគមន៍ ការពារព្រៃឈើ ឃុំស្រែគរ ស្រុកសេសាន អំពាវនាវឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ទប់ស្កាត់ជាបន្ទាន់សកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ដែលកំពុង កើតមានអនាធិបតេយ្យនិងគ្មានការបង្ក្រាប។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) ទទួលបានអាជ្ញាប័ណ្ណកាប់ឈើនិងនាំចេញឈើតាមរោងចក្រដែលបានប្រមូល ពីការសំអាតអាងស្តុកទឹក ប៉ុន្តែក្នុងការនាំចេញឈើជាក់ស្ដែង គឺក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍កំណត់ក្នុង អាជ្ញាប័ណ្ណនោះឡើយ។ សមាជិកសហគមន៍ការពារព្រៃឈើភូមិស្រែគរ សុំមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃអាទិត្យ ទី៤ ខែសីហា មានប្រសាសន៍បញ្ជាក់ថា ឈើប្រណិតប្រភេទឈើអារជ្រុងត្រូវគេដឹកជញ្ជូនតាមសាឡង់ ឆ្លងទន្លេពីត្រើយម្ខាងភូមិស្រែគរ២ ហើយឡើងមកកំពង់ទឹកភូមិស្រែគរមួយ និងមានរថយន្តដឹកជញ្ជូនធំៗប្រភេទឡានយីឌុប ចាំដឹកជញ្ជូនចេញពីភូមិដោយមិនមានសមត្ថកិច្ចជំនាញទប់ស្កាត់។
ប្រជាពលរដ្ឋ ដដែលឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនឈើធ្វើឡើងកាលពីដើមសប្ដាហ៍កន្លងទៅ ហើយក្នុងមួយថ្ងៃយ៉ាងហោចណាស់មានឈើប្រណិត ៥ ទៅ ១០រថយន្ត ត្រូវបានគេដឹកជញ្ជូនចេញ៖ «អូ! ដឹកតាំងពីមុនបោះឆ្នោតនោះ នៅដឹកតើ! ដំបូងគេយកទូក ក្រោយមកគេយកសាឡាងៗធុនតូចគេយកមកដឹក ឥឡូវគេដឹកបានពីរថ្ងៃៗនេះហើយ ឡើងកន្លែងលើវត្តបន្តិចនេះ។ ឈើឆ្នុង ២ម៉ែត្រកន្លះក៏មាន ២.២ម៉ែត្រក៏មាន បណ្ដោយមុខចាប់ពី ២៥ ឡើងដល់ ៥០»។
ដូចគ្នានេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ដែរថា ឈើដែលក្រុមហ៊ុនដឹកជញ្ជូនចេញមិនមែនជាឈើប្រមូលបានពីការសំអាត អាងនោះទេ គឺជាឈើប្រមូលទិញពីអ្នកកាប់នៅក្នុងព្រៃក្រៅបរិវេណអាងស្តុក ទឹក។ លោកបន្តថា ក្រុមហ៊ុនកំពុងធ្វើឲ្យផ្លូវលំធ្វើដំណើររបស់អ្នកភូមិរងការ ខូចខាតធ្ងន់ធ្ងរដោយសារការដឹកជញ្ជូនឈើនេះ៖ «ប្រជាពលរដ្ឋតវ៉ាមែន ទែនរឿងខូចផ្លូវ។ ខ្ញុំថា មិនមែនរឿងសំអាតអាងទឹកទេយកតែឈើប្រណិត។ បានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលហើយចេះតែធ្វើៗតាមអំពើចិត្ត។ ក្នុងនាមអាជ្ញាធរខ្ញុំព្រួយបារម្ភអស់រលីងហើយ»។
ឆ្លើយតប ការអះអាងនេះ តំណាងក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ លោក សាន ចយ មានប្រសាសន៍បញ្ជាក់ថា ឈើដែលក្រុមហ៊ុនដឹកជញ្ជូនចេញគឺជាឈើប្រមូលបានមកពីការសម្អាតអាង ស្តុកទឹក ហើយការដឹកជញ្ជូនចេញនេះ គឺមានអាជ្ញាប័ណ្ណពីស្ថាប័នរដ្ឋបាលព្រៃឈើត្រឹមត្រូវ។
លោកបន្តថា ក្រុមហ៊ុនធានារ៉ាប់រងជួសជុលផ្លូវសងវិញបន្ទាប់ពីការដឹកជញ្ជូនឈើធ្វើរួចរាល់៖ «ក្រុមហ៊ុនហ្នឹងបង់ពន្ធរួចហើយអស់ជាង ១លានដុល្លារមុនបោះឆ្នោតប្រហែលមួយខែជាង។ មិនជឿទេសួរទៅរដ្ឋបាលព្រៃឈើទៅ ព្រោះបង់ទាំងឈើប្រណិតឈើលេខ១ លេខ២ ទាំងអស់វាស៊ីចូលជាង ៥ពាន់ម៉ែត្រគូប»។
នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី នៅថ្ងៃអាទិត្យ ទី៤ ខែសីហា បានបិទទូរស័ព្ទនៅពេលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សួរសំណួរសុំការបញ្ជាក់ទាក់ទិនករណីនេះ។
កាលពីចុង ខែឧសភា កន្លងទៅសហគមន៍ភូមិស្រែគរមួយ រាយការណ៍ដែរថា ឈើប្រមាណ ១៥រថយន្តត្រូវគេដឹកតាមទូក និងសាឡង់ពីត្រើយម្ខាងទន្លេក្នុងភូមិស្រែគរ២ ហើយរថយន្តរង់ចាំដឹកជញ្ជូនចេញពីត្រើយម្ខាងទន្លេក្នុងភូមិស្រែគរ មួយ ចេញមកផ្លូវជាតិលេខ៧៨ និងបន្តនាំចេញទៅប្រទេសវៀតណាម។ ឈើទាំងអស់នោះមួយចំណែកធំកាប់ចេញពីតំបន់ភ្នំក្រឡាពស់ ក្រៅផ្ទៃសំអាតអាងស្តុកទឹកដោយខុសច្បាប់៕
