ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

ឡៅ ម៉ុងហៃ៖ បាតុកម្ម​អាច​នឹង​កើត​​មាន ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ត្រឹមត្រូវ

Published on Thu 15 Aug, 2013 at 17:24 17:24 by . | 110 views
រហូតមកដល់ថ្ងៃនេះ បញ្ហាមហាបាតុកម្មតវ៉ាពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតសកលនិតិកាលទី៥នេះ នៅតែស្ថិត​នៅ​ក្នុង​ភាពជាមន្ទិលនៅឡើយ។ ការប្រកាសថ្មីៗរបស់មេដឹកនាំគណបក្សប្រឆាំង ថានឹងដោះស្រាយវិបត្តិនយោបាយ​ដោយ​សន្តិវិធី​នោះ ត្រូវបានអ្នកវិភាគយល់ថា ទំនងជាមិនអាចមានផលវិជ្ជមានប៉ុន្មានទេ ខណៈគណបក្សកាន់អំណាច បាន​ប្រកាស​​ទទួលស្គាល់ពី«ជ័យជំនះ»របស់ខ្លួនរួចហើយនោះ។

លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ
ថ្ងៃទី០៦ខែសីហា​ឆ្នាំ​២០១៣។ (រូបថត គណបក្ស)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានសរសេរ នៅលើទំព័រហ្វេសបុកផ្លូវការ​របស់​លោក នៅថ្ងៃព្រហស្បត្តិ៍ទី១៥ ខែសីហា ឆ្នាំ២០១៣នេះ ថាលោកនឹងវិលត្រលប់មកកម្ពុជាវិញនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ហើយលោកបានបញ្ជាក់បន្តថា វត្តមានរបស់លោកនៅលើមាតុភូមិ គឺដើម្បីចូលរួមដោះស្រាយ​បញ្ហាវិបត្តិ​នយោបាយដោយ«សន្តិវិធី» ចំពោះបញ្ហាទាក់ទង ការបោះឆ្នោតថ្ងៃទី២៨កក្កដាកន្លងទៅនេះ។
បើទោះជាមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបង្ហាញគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធីក្តី តែការរឹតបន្តឹង​សន្តិសុខនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ នៅតែត្រូវបានគេសង្កេតឃើញ ថាមានភាព​ខ្លាំង​ក្លា​នៅឡើយ។ កន្លងមកលោក សម រង្ស៊ី ធ្លាប់ធ្វើការព្រមានថា នឹងដឹកនាំធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ប្រឆាំង​លទ្ធផលបោះឆ្នោត ប្រសិនបើគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត មិនអាច​បង្កើតលេចចេញជារូបរាងទេនោះ។ គណបក្សរបស់លោក ថែមទាំងបានប្រកាសថា ជាអ្នកទទួលជ័យជំនះ លើគណបក្ស​ប្រជាជនកម្ពុជា នោះទៀតផង។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូ​នៅថ្ងៃ​ព្រហស្បត្តិ៍នេះថា៖«បាតុកម្មអាចនឹងកើតមាន ប្រសិនបើភាពមិនប្រក្រតីដែលបានកើតមានឡើង ក្នុងពេលបោះឆ្នោត​កន្លងមក មិនបានដោះស្រាយត្រឹមត្រូវ»។ អ្នកវិភាគរូបនេះក៏បានសម្តែងការព្រួយបារម្ភ ខ្លាចក្រែងបាតុកម្ម ដែលបាន​កើត​ឡើងអូសបន្លាយពេលយូរ នឹងមានភាពធ្ងន់ធ្ងរ។ តែលោកវាយតម្លៃថាបាតុកម្មអាចប្រព្រឹត្តដោយសន្តិវិធី និងសន្តិភាព ប្រសិនបើកងកម្លាំងសមត្ថកិច្ចមានការគ្រប់គ្រងត្រឹមត្រូវ។
យ៉ាងណាក៏ដោយលោក ឡៅ ម៉ុងហៃ បានជម្រុញឲ្យអ្នកនយោបាយកម្ពុជា ត្រលប់ចូលមកតុចរចារដើម្បីត្រួសត្រាយផ្លូវ ឈានទៅបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតពីភាពមិនប្រក្រតីដោយសន្តិវិធី។
ភាពជាប់គាំងកើតមានជាបន្ត
ព័ត៌មានចុងក្រោយដែលមនោរម្យព័ងអាំងហ្វូទទួលបាន ឲ្យដឹងថា លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ បានផ្ញើរលិខិតមួយច្បាប់ទៅលោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា ដោយទទូចឲ្យមានការចរចារបន្ត ដើម្បីសម្រេចនូវលក្ខខ័ណ្ឌមួយចំនួន ដែលមិនទាន់មានការឯកភាពគ្នា ក្នុងការបង្កើតឲ្យបាននូវគណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី។
នៅល្ងាចថ្ងៃដដែល លោក ជាម យៀប ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ស្រាវ​ជ្រាវរៀបចំ​របាយ​ការណ៍ ​ស្តី​ពី​ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត ក៏បានផ្ញើលិខិតតបត្រឡប់មក​លោក សុន ឆ័យ វិញដែរ។​ ក្នុងលិខិត បានឲ្យ​ដឹងថា គណបក្ស​ប្រជាជនកម្ពុជានៅ​​តែ​​ប្រកាន់​គោលការណ៍​​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់ស្តី​វិសោធនកម្ម​ច្បាប់​នេះ ហើយ​​គណបក្សសម្រេចយក​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជា​អាជ្ញាកណ្តាល និង​ជា​អ្នកសម្រេច​។​​
លិខិត​របស់​លោក ជាម យៀប បន្តថា បើ​ទាត់ចោល គ​.​ជ​.​ប នោះការប្រជុំ​របស់​គណបក្ស​ទាំងពីរ ក៏​មិន​ទទួល​លទ្ធផល​ល្អ​ទេ ព្រោះ​ច្បាប់បានប្រគល់​សិទ្ធិ​​ពេញ​ទី​​ឲ្យ គ​.​ជ​.​ប រៀប​ចំ និង​​ដោះស្រាយ​ការងារ​បោះឆ្នោត​សកល និង​អសកល​នៅ​កម្ពុជា​។​ ស្ថាប័ន គ.ជ.ប ដែលអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ដដែល នៅ​ទីស្នាក់ការគណបក្សទួលគោកថា ជាស្ថាប័នដែល«ឃុបឃិត»ជាមួយគណបក្សប្រជាជនកម្ពុជា។
មនោរម្យព័ងអាំងហ្វូ បាន​ព្យាយាមស្វែងរកជួបដើម្បីសុំប្រតិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរនេះ តែមិនមានការ​ឆ្លើយ​តបទេ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការជិតស្និតនឹងការបោះឆ្នោត បានទម្លាក់ការទទួលខុសត្រូវ ទៅលើ គ.ជ.ប ថាបានធ្វើការប្រកាសលទ្ធផលផ្លូវការបឋម ដ៏ចម្រូងចម្រាស់ ខណៈពេលដែលការចរចារបង្កើត គណៈកម្មការចម្រុះ​ស៊ើប​អង្កេតពីភាពមិនប្រក្រតី រវាងគណបក្សទាំងពីរកំពុងស្វែងរកដំណោះស្រាយ។ ប៉ុន្តែ គ.ជ.ប វិញ បានថ្លែងការពារខ្លួនថា ការប្រកាសលទ្ធផលនេះស្ថិតនៅក្នុងនិតិវិធី ដែលខ្លួនបានអនុវត្តន៍ ទៅតាមច្បាប់បោះឆ្នោតជាធរមាន។
ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងតានតឹងខ្លាំងនេះ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ​ច្រើន​ជាង២៥០នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ បានជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ធ្វើពិធីបួងសួងសុំសន្តិភាព និង​ការឯកភាពជាតិក្រោយការឆ្នោត។ ពួកគេបានសើ្មរដល់អ្នកនយោបាយកម្ពុជា បន្តចរចារស្វែងរកដំណោះស្រាយដោយ​សន្តិវិធី ជៀងវាងឲ្យបាននូវការប្រើអំពើហឹង្សា៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII