ការ​ទន្ទឹង​ចាំ​មើល​ផ្លូវ iPhone 5S យ៉ាង​អន្ទះសា​ចាំបាត់ៗ​ជា​ច្រើន​ខែ​មក​នេះ ឥឡូវ​បាន​មក​ដល់​ពិត​ប្រាកដ​មែនទែន​ហើយ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​របស់ Apple ​ថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​អតិជន​យ៉ាង​ច្រើន​កុះករ​មិន​ថា​នៅ​ក្នុង​តំបន់ ឬ​អន្តរជាតិ ជាក់​ស្ដែង​ដូច​ជា​កម្ពុជា​ សុទ្ធ​តែ​ចាំ​យ៉ាង​តឹងទ្រូង​ចង់​ឃើញ​រូបរាង Smartphone ជំនាន់​ទី ៧ នេះ​ឱ្យ​បាន​ឆាប់ៗ​បំផុត។

iPhone 5S
១០ កញ្ញា​ម៉ោង ១០ ព្រឹក​នៅ​រដ្ឋ​កាលីហ្វញ៉ា ឬ​ត្រូវ​ជា​ម៉ោង ១២ កណ្ដាល​អាធ្រាត្រ​យប់​មិញ​ឆ្លង​ចូល​ថ្ងៃ​ទី ១១ ​កញ្ញា នៅ​កម្ពុជា​នេះ Apple បាន​បើក​សម្ពោធ iPhone ជំនាន់​ថ្មី​ទី៧ គឺ iPhone 5S របស់​ខ្លួន​ជា​មួយ​លក្ខណៈ​សម្បត្តិ update ជា​ច្រើន​បន្ថែម​ពី​លើ iPhone ស៊េរី​មុនៗ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា iPhone 5S មាន​ល្បឿន​លឿន​ជាង Original iPhone (iPhone ដំបូង​បំផុត) ៤០ដង។ ចចាមអារ៉ាម​ដែល​ល្បី​ថា 5S បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ គឺ​ពិត​ប្រាកដ​មែន​ដែល Sensor នេះ​មាន​ឈ្មោះ​ថា Touch ID។
បើ​តាម​សំដី​លោក Phil Schiller Touch ID អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​របស់ Apple បាន​ឱ្យ​ដឹង​ថា Touch ID ត្រូវ​បាន​បំពាក់​នៅ​នឹង​ប៊ូតុង Home ហើយ​ស្គាល់​ក្រយៅដៃ​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដាក់​ឱ្យ​ចំ​ ប៊ូតុង។ មុខងារ​ថ្មី​នេះ នឹង​ជួយ​បន្ថែម​សុវត្ថិភាព​ទូរសព្ទ​កាន់​តែ​ខ្ពស់​សម្រាប់​កំណត់​ជំនួស passcode lock។ មុខងារ​នេះ​នឹង​គាំទ្រ multiple fingerprints ដែល​អាច​ឱ្យ​អ្នក​ប្រើ log ចូល​សេវាកម្ម​ផ្សេងៗ និង​សូម្បី​តែ​ចូល​ទៅ​ទិញ app ពី iTunes Store ដោយ​មិន​ចាំបាច់​បញ្ចូល password។
លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់ iPhone កូន​ពៅ​នេះ​រួម​មាន៖
iPhone 5S ៣ពណ៌​គឺ ស ខ្មៅ និង​មាស
- អេក្រង់ LED-backlit IPS LCD capacitive touchscreen +Retina display ទំហំ ៤អ៊ីញ​ជា​មួយ resolution (1136 x640px)
​- បច្ចេកវិទ្យា​ការពារ​អេក្រង់ Corning Gorilla Glass, oleophobic coating
- ដង់ស៊ីតេ​ភិចហ្សែល 326ppi
- កាមេរ៉ា​ទំហំ 8MP ថត​បាន resolution (3264 x2448px) autofocus, dual-LED (True Tone) flash ជំនាញ​ថត​បាន​យ៉ាង​ច្បាស់​នៅ​ទីកន្លែង​ខ្សោយ​ពន្លឺ
- កាមេរ៉ា​មុខ​ទំហំ 1.2MP
​- បច្ចេកវិទ្យា​កាមេរ៉ា៖
- ថត​វីដេអូ HD និង​រូបថត​ដំណាលគ្នា
- touch focus
- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​ដោយ GPS
- face detection
- panorama៖ ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ
- HDR បង្កើន​គុណភាព​រូប​ច្បាស់​ល្អ
- sensor កាមេរ៉ា​ធំ​ជាង iPhone 5 ១៥%
- កាមេរ៉ា​អាច​ថត​វីដេអូ​បាន 120-frame ក្នុង ១វិនាទី​កម្រិត 720p
- បំពាក់​ដោយ 64 bit Apple A7 Processor ដែល​អាច​ដំណើរការ​បាន​ទាំង​កម្មវិធី 32bit និង 64bit
- M7 Motion processor
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB/64GB
- ប្រព័ន្ធ​ប្រតិបត្តិការ iOS 7
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot, Bluetooth v4.0, USB 2.0
- មុខងារ​ស្កេន​ក្រយៅដៃ Fingerprint sensor (Touch ID)
- ថ្ម​ជាប់​នឹង​ម៉ាស៊ីន​ទំហំ 1440mAh
- ពណ៌​មាន ៣ គឺ ស ខ្មៅ និង​ពណ៌​មាស
- ស៊ីមកាត​ប្រភេទ Nano-SIM
- វិមាត្រ (ប xទទ xកម្រាស់)៖ (១២៣,៨មម x៥៨,៦មម x៧,៦មម)
- ទម្ងន់ ១១២ក្រាម
ដូច​ការ​រំពឹង​ទុក iPhone 5S នឹង​មាន​តម្លៃ​ដូច iPhone 5 ទើប​ចេញ​ដំបូង​នៅ​អាមេរិក​អីចឹង​ដែរ គឺ​តម្លៃ ២០០ដុល្លារ​សម្រាប់​ទំហំ 16GB ៣០០ដុល្លារ​ទំហំ 32GB និង 64GB តម្លៃ ៤០០ដុល្លារ (បញ្ជាក់៖ តម្លៃ​ទាំង​នេះ​គឺជា​តម្លៃ​ជាប់​​កុង​ត្រា​ ២ឆ្នាំ)។ Apple បាន​អះអាង​តម្លៃ​ iPhone 5S នៅ​អង់គ្លេស​ប្រហែល ៨៦០ដុល្លារ​សម្រាប់ ទំហំ 16GB តម្លៃ ៩៩០ដុល្លារ​សម្រាប់​ទំហំ 32GB និង​ទំហំ​ 64GB តម្លៃ ១១២០ដុល្លារ​អាមេរិក។
ទាំង iPhone 5S និង iPhone 5C នឹង​ចេញ​លក់​ថ្ងៃ​ទី ២០ ​កញ្ញា​លើ​ទឹកដី​អាមេរិក ​អូស្ត្រាលី កាណាដា ចិន បារាំង ​អាល្លឺម៉ង់ ជប៉ុន សិង្ហបុរី និង​អង់គ្លេស។ ចិន​ជា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​បាន​ផលិតផល iPhone របស់ Apple ជា​លើក​ដំបូង។ អំឡុង​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ iPhone ថ្មី​ទាំង​ពីរ នឹង​បន្ត​ពង្រីក​ទៅ​ទីផ្សារ​ជាង ១០០​តំបន់​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន​ជប៉ុន NTT ផង​ដែរ។
ក្រោយ​បាន​ឃើញ​ទាំង​រូបរាង និង​លក្ខណៈ​សម្បត្តិ​របស់ iPhone កូន​ពៅ​នេះ​ហើយ តើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ខ្លះ? បន្ថែម​ពណ៌​មាស​មួយ​ទៀត​អីចឹង តើ​ពេញ​ចិត្ត​អត់?

តាមដាន​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ទៀត សូម ​ចុច​ត្រង់​នេះ …
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ gsmarena, geeky-gadgets, knowyourmobile